មន្ត្រីយោធាម្នាក់ខឹងប្រពន្ធទប់កំហឹងមិនបាន បង្ហូរសាំងពីម៉ូតូដុតផ្ទះចោលត្រូវសមត្ថកិច្ចខ្លួន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ មន្ត្រីយោធាម្នាក់ដែលគេដឹងថាបម្រើការនៅអង្គភាពវរសេនាតូចវិស្វកម្ម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗយកទៅសួរនាំ ក្រោយកើតហេតុធ្វើឲ្យភ្លើងឆេះផ្ទះអស់គ្មានសល់ បង្កឡើងដោយបុរសរូបនេះខឹងប្រពន្ធរហូតដល់ឈ្លោះប្រកែកគ្នា ហើយក៏បង្ហូរសាំងពីម៉ូតូដុតផ្ទះចោលធ្វើឱ្យភ្ញាក់ផ្អើលពេញភូមិតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ៈ៤៥នាទីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រោយភោជនីយដ្ឋានសមភាពថ្មី ក្នុងភូមិព្រែក សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង។

បើតាមអ្នកជិតខាងបាននិយាយថា មុនកើតហេតុគេឃើញគ្រួសារនៅផ្ទះកើតហេតុខាងលើឈ្លោះប្រកែកគ្នា ហើយគេឃើញប្រពន្ធបានរត់ចេញពីផ្ទះ ក្រោយមកប្តីក៏យកម៉ូតូមកបង្ហូរសាំងចេញ ហើយក៏ដុតតែម្តង រួចដើរចេញធ្វើព្រងើយ។ ឃើញដូច្នេះអ្នកជិតខាងក៏ស្រែកថា ផ្ទះឆេះហើយម៉េចមិនទៅពន្លត់?! ជនសង្ស័យជាប្តីនោះឆ្លើយថា បើវាឆេះហើយឲ្យវាឆេះទៅ! ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់និងឃាត់ខ្លួនជនសង្ស័យជាប្តីភ្លាមៗ រួចហៅស្ត្រីប្រពន្ធមកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីសួរនាំរកមូលហេតុពាក់ព័ន្ធនឹងករណីខាងលើនេះ។

សមត្ថកិច្ចបានឱ្យដឹងដែរថា ផ្ទះឆេះខាងលើផ្តើមចេញពីការឈ្លោះប្រកែកគ្នារឿងជំពាក់លុយធនាគារ និងលុយរាយរងក្រៅផ្សេងទៀត ដែលបុរសជាប្តីមិនដឹងឮព្រោះប្រពន្ធជំពាក់គេសងមិនចេះរួច ទើបបង្កហិង្សាកើតឡើង ហើយប្រពន្ធភ័យខ្លាចក៏រត់ចេញទៅក្រៅផ្ទះ។ ក្រោយមកប្តីជាជនសង្ស័យខាងលើខឹងក៏ធ្វើសកម្មភាពចាក់សាំងចេញពីម៉ូតូដុតផ្ទះចោលតែម្តង។ សមត្ថកិច្ចបន្តថា: ជនសង្ស័យឈ្មោះហេង វិបុល ជាមន្ត្រីយោធាបម្រើការនៅអង្គភាពវរសេនាតូចវិស្វកម្ម យោធភូមិភាគទី១ ប្រពន្ធធ្វើគ្រូបង្រៀន សម្ភារត្រូវបានខូចខាតទាំងស្រុង។ ក្រុមការងារពន្លត់អគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យអស់ពីរគ្រឿងហើយបាញ់ទឹកពន្លត់អស់ពីររថយន្តទើបរលត់ទាំងស្រុង។
បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួននៅស្នងការដ្ឋានដើម្បីសួរនាំបន្តនីតិវិធីករណីដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួនដោយចេតនា និងហិង្សា៕

...

ដោយ៖ មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print