ភ្នំពេញ ៖ ដីស្រែរបស់ប្រជាពលរដ្ឋចំនួន១០គ្រួសារ ដែលមានទីតាំងស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ចាប់ពីផ្លូវរថភ្លើង ទៅទល់នឹងដីលោក ហែម ដារិទ្ធ អភិបាលខណ្ឌ ពោធិ៍សែនជ័យ ត្រូវបាន គ្រឿងចក្រ កាប់កាយចិញ្ចើមសងខាង ធ្វើឲ្យប្រជាពលរដ្ឋ រអ៊ូរទាំ និងបង្កឲ្យព្រួយបារម្មណ៍ ហើយនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ នេះ ដោយមើលឃើញទង្វើរដែលប្រពលរដ្ឋថា មិនប្រក្រតីត្រូវបាននាំគ្នាហាមឃាត់គ្រឿងចក្រ បង្អាកការជីក កាប់ ជាបណ្តោះអាសន្ន ។
នៅកន្លែងកើតហេតុខាងលើ ឃើញមានបងប្អូនពលរដ្ឋចំនួន១០គ្រួសារ ដែលមានដីស្រែនៅអមសងខាងផ្លូវបេតុង ហើយត្រូវបានគ្រឿងចក្រកាប់កាយទើបពលរដ្ឋចេញមកតវ៉ា និងឃាត់គ្រឿងចក្រជាបណ្តោះអាសន្នរងចាំរកដំណោះស្រាយជាក្រោយ ។
បើតាមសំដីបុរសចំណាស់ម្នាក់ ឈ្មោះ តូច សាត អាយុ៧៧ មុខរបរ កសិករ រស់នៅ ភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានលើកឡើង និងប្រាប់ ដល់អ្នកយកព័ត៌មានឲ្យដឹងថា ពួកគាត់ចំនួន១០គ្រួសារ ដែលមានដីស្រែ នៅអមសងខាង ផ្លូវបេតុងខាងលើ ចាប់ពីផ្លូវរថភ្លើង រហូតដល់ ដីឡូតិ៍ លោកអភិបាលខណ្ឌ មានប្រវែងជាង២០០ម៉ែត្រ ហើយដីស្រែទាំនោះ កំពុងអាស្រ័យផលជារៀងរាល់ឆ្នាំ មកដល់ពេលនេះ ស្រាប់តែមានគ្រឿងចក្រ មកកាប់កាយតាមចិញ្ចើមផ្លូវបេតុង មុខដីស្រែពួកគាត់ ដោយគ្មានប្រាប់ គ្មានផ្តល់ដំណឹង ដល់ពលរដ្ឋពាក់ព័ន្ធជាមុន ធ្វើស្រេចតែអំពើចិត្ត ហើយក៏មិនប្រាប់ថា ខាងណាជាអ្នកបញ្ជារឲ្យធ្វើ ឲ្យកាប់ដីនេះដែរ ដោយកាប់ក្នុងជម្រៅជាង១ម៉ែត្រ យកអាចម៌ដីទប់ចិញ្ចើមផ្លូវបេតុង ។
ពលរដ្ឋបានរអ៊ូរទាំថា ខាងគ្រឿងចក្រមកកាប់ដី ហើយកុំថាឡើយផ្តល់ដំណឹងប្រាប់ ប្រជាពលរដ្ឋ សូម្បីពួកគាត់ សួររកហេតុផល និងសួររកអ្នកបញ្ជាក៏ គ្មានអ្នកណាប្រាប់ដែរ គ្រាន់តែគេប្រាប់ថាមេគេឲ្យកាយ ដូចនេះហើយ ទើបពួកគាត់ ឃាត់ ហាម ជាបណ្តោះអាសន្ន ។
ក្នុងការហាមឃាត់គ្រឿងចក្ររបស់ពលរដ្ឋក្នុងហេតុផលជីកកាប់ជ្រៅបង្កឲ្យ បាក់ដីនៅរដូវធ្លាក់ភ្លៀងប៉ះពាល់ដីពួកគាត់កាត់ផ្តាច់ផ្លូវចូលដីស្រែជួបការលំបាកចេញចូលដឹកជីដាក់ស្រែ ដឹកកណ្តាប់ ស្រូវ នារដូវច្រូតកាត់ ប៉ះពាល់ដល់សត្វពាហនៈ ងាយធ្លាក់ចូលប្រឡាយ ហើយអ្វីលើសពីនេះទៅទៀត គ្រឿងចក្រមកកាប់នេះ គ្មានឃើញ អាជ្ញាធរ ថ្នាក់ថា ប្រាប់ដំណឹងដល់ពលរដ្ឋ ពាក់ព័ន្ធដីខាងលើជាមុនឡើយ កាប់ស្រេចតែអំពើចិត្ត ចំណែកដីឡូតិ៍ណាដែល ចាក់លុបដីពេញហើយ គ្រឿងចក្រមិនបានកាយកាប់ឡើយ ។
ក្រោយពីប្រជាពលរដ្ឋតវ៉ាហាមឃាត់គ្រឿងចក្រមិនឲ្យកាយដីស្រែពួកគាត់បន្តទៀត ក៏មិនឃើញមានអាជ្ញាធរខណ្ឌណាម្នាក់ចេញមកដោះស្រាយនោះទេ ធ្វើឲ្យពលរដ្ឋអស់សេចក្ដីទុកចិត្តលើអាជ្ញាធរមូលដ្ឋានដែលព្រងើយកន្តើយមិនព្រមចេញមុខមកដោះស្រាយជូនពលរដ្ឋដែលរងការកៀបសង្កត់នោះឡើយ៕ សុខាសែនជ័យ