អតីតអភិបាលរដ្ឋហ្វីលីពីនត្រូវបានបាញ់សម្លាប់ដោយសារឆក់កាំភ្លើងពីប៉ូលិសក្នុងពេលត្រូវចាប់ខ្លួន

ចែករំលែក៖

កម្លាំងប៉ូលិសហ្វីលីពីនបានឱ្យដឹងថា អតីតអភិបាលរដ្ឋមួយរូបរងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន ត្រូវបានសម្លាប់ កាលពីថ្ងៃទី១៧ខែមិថុនា ពេលព្យាយាមឆក់កាំភ្លើងពីប៉ូលិស ខណៈកំពុងបញ្ជូនទៅកាន់ពន្ធនាគារដើម្បីឃុំខ្លួននៅរដ្ឋធានី ម៉ានីល។
លោក Montasser Sabal អតីតអភិបាលរដ្ឋTalitay ត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃទី ១៦ខែមិថុនា ជាមួយនឹងបក្ខពួក៣នាក់ដែលកំពុងតែព្យាយាមចាកចេញពីកំពង់ផែ Batangas ស្ថិតនៅភាគខាងត្បូង ទីក្រុងម៉ានីល។ បងប្រុសរបស់លោក Sabal គឺលោក Abdul Wahab Sabal ក៏ជាអតីតអភិបាលត្រូវបានកម្លាំងប៉ូលិសបាញ់សម្លាប់នៅខាងក្រៅសណ្ឋាគារមួយនៅទីក្រុងម៉ានីលកាលពីឆ្នាំ២០២០ផងដែរ។
ពីរនាក់បងប្អូនជាអតីតអភិបាលរដ្ឋគឺស្ថិតនៅក្នុងចំណោម អភិបាល និងអភិបាលរង ចំនួន ៤៤រូបដែលប្រធានាធិបតីហ្វីលីពីនលោក Duterte ចាត់ទុកថាជា «អ្នកនយោបាយគ្រឿងញៀន»តាំងពីខែឧសភាឆ្នាំ២០១៩ ។ ក្នុងចំណោមបុគ្គល៤៤រូបខាងលើ មានជាង ពាក់កណ្តាលបានស្លាប់ ដោយសារតដៃជាមួយកម្លាំងសន្តិសុខពេលចាប់ខ្លួន។
ឧត្តមសេនីយ៍ Guillermo Eleazar ស្នងការប៉ូលិសជាតិហ្វីលីពីន បានឱ្យដឹងថា លោក Sabal គឺជាគោលដៅគ្រោះថ្នាក់បំផុត ដោយសារតែលោកជាអតីតប៉ូលិស ទទួលបានការបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញក្នុងការដោះមីន ។ ក្រៅពីរងការចោទប្រកាន់ជួញដូរគ្រឿងញៀន លោក Sabal ក៏រងការចោទប្រកាន់ពីបទផ្តល់សម្ភារក្នុងការផលិតគ្រាប់បែកវាយប្រហារកាលពីឆ្នាំ២០១៦ សម្លាប់មនុស្ស ១៤នាក់ នៅទីក្រុង Davao ដែលជាស្រុកកំណើតរបស់ប្រធានាធិបតី Duterte ៕

...

រូបភាព៖anninhthudo

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print