ភ្នំពេញ៖ ជនសង្ស័យម្នាក់មានជំងឺកូវីដ-១៩ បានជិះម៉ូតូធ្វើសកម្មភាពឆក់យកទូរស័ព្ទពីស្ត្រីម្នាក់បានសម្រេចហេីយស្រាប់តែជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តកំពុងឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំ
ពេញ។
តាមសម្ដីស្ត្រីរងគ្រោះមានឈ្មោះ ពៅ ចិន្ដា អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីឡែត ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1lJ-1626 តាមផ្លូវបេតុងព្រៃស ក្នុងទិសដៅពីកេីតទៅលិច។លុះមកដល់ចំណុចកេីតហេតុក៏លេចមុខជនសង្ស័យម្នាក់ជិះមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិចមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GP-7967 មកអែបខាងស្ដាំរួចក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទម៉ាកVIVO ដែលគាត់បានដាក់នៅក្នុងឃ្លុបម៉ូតូខាងមុខបានសម្រេច ហើយជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនតែសំណាងអាក្រក់បានទៅបុកជាមួយរថយន្តព្រូសមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AX-2807
ដែលបេីកបរដោយនារីរូបស្រស់ស្អាតម្នាក់ កំពុងបត់ឆ្វេងចូលបុរីពិភពថ្មីទី១ បណ្តាលឲ្យជនសង្ស័យរងរបួសបាក់ជើងខាងស្តាំនិងបែកមុខបែកមាត់ត្រូវបានបញ្ជូនតាមរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកម្លិះខណ្ឌដង្កោយកទៅសង្រ្គោះភ្លាមៗ។
មួយសន្ទុះក្រោយមកម្ចាស់ទូរស័ព្ទបានតេមក ហេីយសមត្ថកិច្ចក៏បានលើកទូរស័ព្ទរបស់ជនរងគ្រោះនិយាយជាមួយទើបដឹងថា ជនរងគ្រោះគឺជាជនសង្ស័យដែលឆក់យកទូរស័ព្ទគាត់ហើយព្យាយាមជិះម៉ូតូគេចខ្លួន ។ បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងបន្ថែមទៀតថាជនសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ផងដែរក្រោយពេលគ្រូពេទ្យពិនិត្យសំណាករួច ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌដង្កោ បើកការស្រាវជ្រាវនិងបានទទួលពាក្យបណ្តឹងពីជនរងគ្រោះដែលជាម្ចាស់ទូរស័ព្ទផងដែរ។ ដោយឡែកជនសង្ស័យខាងលេីកំពុងស្ថិតនៅមន្ទីរពេទ្យនិងបន្តចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ ភារ៉ា ដង្កោ