ខេត្តកំពង់ចាម ៖ លោក សោ សាវឿន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានវាយតម្លៃខ្ពស់ និងអរគុណដល់ក្រុមការងារមូលដ្ឋាន ចំពោះការលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមជាមន្រ្តីរាជការចុះមកបម្រើរាស្រ្ត សហការ និងដោះស្រាយនូវរាល់បញ្ហាផ្សេងៗជូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។
ការថ្លែងយ៉ាងដូច្នេះគឺនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយនូវសេចក្ដីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលមានអ្នកចូលរួមចំនួន១២៤នាក់។
ក្រៅពីនេះ លោក សោ សាវឿន បានក្រើនរំលឹក និងលើកយកមកបង្ហាញជូនសមាជិក សមាជិកាអំពីចំណុចខ្លាំងត្រូវរក្សាទុក និងត្រូវប្រតិបត្តិឲ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់ស្របតាមស្ថានការណ៍ជាក់ស្តែង និងភាពចាំបាច់។ចំពោះចំណុចខ្សោយវិញ ត្រូវសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅ ពិនិត្យ និងកែលម្អឲ្យបានល្អប្រសើរ។
បន្ថែមពីលើនេះ លោក សោ សាវឿន ក៏បានក្រើនរំលឹកជូនសមាជិក សមាជិកា និងជាពិសេសបងប្អូនប្រជាពលរដ្ឋថា ស្ថានភាពជំងឺឆ្លងកូវីដ-១៩ មិនទាន់ធូរស្បើយនៅឡើយទេ។ ដូច្នេះយើងត្រូវយកចិត្តទុកដាក់ប្រកាន់ខ្ជាប់នូវគោលការណ៍ ៣ការពារ និង៣កុំ៕
ដោយ៖ វណ្ណៈ