លោក Ebrahim Raisi អាយុ៦០ឆ្នាំ ជាបុគ្គលដែលរិះគន់យ៉ាងខ្លាំងដល់បណ្តាប្រទេសលោកខាងលិច ទទួលបានការគាំទ្រខ្ពស់ក្នុងការបោះឆ្នោតប្រធានាធិបតីអុីរ៉ង់ ។ លោកគឺជាចៅក្រមតុលាការ កំពូល ហើយលោកនឹងបន្តរក្សាតំណែងជាចៅក្រមដដែលរហូតដល់ថ្ងៃឡើងកាន់តំណែងប្រធានាធិបតីនាដើមខែសីហាឆ្នាំ២០២១។
លោក Raisi កើតនៅខែធ្នូឆ្នាំ១៩៦០នៅទីក្រុង Mashhad ភាគខាងកើតប្រទេសអុីរ៉ង់ ។ លោកក៏ជាបុគ្គលដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្តួលរំលំរបបរាជានិយម និងព្រះមហាក្សត្រ Mohammad Reza Shah Pahlavi នៅក្នុងប្រទេសនេះ បង្កើតទៅជាសាធារណរដ្ឋអ៊ិស្លាមអុីរ៉ង់។
សារព័ត៌មាន AFP បានដកស្រង់ប្រភពព័ត៌មានពីគណៈកម្មាធិការរៀបចំការបោះឆ្នោតអុីរ៉ង់ ដែលបានបញ្ជាក់ថា ក្រោយការរាប់សន្លឹកឆ្នោតបានជាង៩០ភាគរយ លោក Ebrahim Raisi ទទួលបានសន្លឹកឆ្នោតគាំទ្រដល់ទៅ៦២% នាំមុខដាច់លើគូប្រជែង។
នៅថ្ងៃទី១៩ខែមិថុនា អតីតចៅក្រម Ebrahim Raisi ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត ប្រធានាធិបតី កាលពីថ្ងៃទី១៨ខែមិថុនា ។ ប្រធានាធិបតីជិតបញ្ចប់អាណត្តិលោក Hassan Rouhani បានផ្ញើលិខិតជូនពរ ដល់លោក Ebrahim Raisi ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត។ លោកក៏បានអំពាវនាវដល់ពលរដ្ឋចូលរួម ជាមួយគ្នាដើម្បីដឹកនាំប្រទេសឲ្យបានល្អបំផុត។
ក្រៅពីនេះ លោក Zarif បង្ហាញពីក្តីសង្ឃឹមថា បញ្ហាពិភាក្សាស្តីពីកម្មវិធីបរមាណូនឹងត្រូវបានដោះស្រាយ មុនខែសីហាខាងមុខ។ បណ្តាប្រទេសជិតស្និទ្ធអុីរ៉ង់ មានរុស្ស៊ី ក៏បានជូនពរដល់ប្រធានាធិបតីថ្មីអុីរ៉ង់ផងដែរ។ ប្រធានាធិបតីពូទីនសង្ឃឹមថានឹងមានទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ
រុស្ស៊ី-អុីរ៉ង់៕ ដោយ៖ធីរីណា
ចៅក្រមយុត្តិធម៌ Raeisi បានទទួលជ័យជម្នះដ៏លេចធ្លោនៅក្នុងការបោះឆ្នោតប្រធានាធិបតីអុីរ៉ង់។
(រូបភាព៖Al Jazzerra)