ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងមានក្តីរន្ធត់និងសោកស្តាយខ្លាំងណាស់ក្រោយទទួលព័ត៌មានអំពីការស្លាប់របស់អ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន១នាក់ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដែលបានបង្ហាញយ៉ាងច្បាស់លាស់ពីហានិភ័យដ៏កាចសាហាវដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀងក៏ដូចជាមនុស្សទូទៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។
រដ្ឋបាលខេត្តសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ដោយសារជំងឺកូវីដ-១៩ដោយឧបាសិកាយស់ ស៊ានជាប្រជាពលរដ្ឋរស់នៅភូមិក្រសាំងជ្រំ ឃុំក្រួស ស្រុកស្វាយជ្រំ ដែលបានទទួលមរណភាពនៅថ្ងៃទី ១៩ ខែមិថុនាឆ្នាំ ២០២១ វេលាម៉ោង ៤ និង២០នាទីទៀបភ្លឺដោយសារជំងឺរ៉ាំរ៉ៃជរាពាធនិងវិជ្ជមានកូវីដ-១៩ក្នុងជន្មាយុ៧៧ឆ្នាំ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន១.៥០៥នាក់ស្រី៨៦៨នាក់, ជាសះស្បើយ ចំនួន១០០៨នាក់,ស្រី៥៨១, អ្នកកំពុងសម្រាកព្យាបាលចំនួន៤៨៧នាក់ស្រី២៨៥នាក់ និងស្លាប់ចំនួន១០នាក់ស្រី៣នាក់។
រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ទៀតថា សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេស អនុវត្តវិធានការ ៣កុំ និង៣ការពារ ៕
ដោយ៖ យឹម សុថាន