ខេត្តស្ទឹងត្រែង, រដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនដំណឹងដល់សាធារណជន និងពុកម៉ែ បងប្អូនប្រជា ពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រចាំនៅគោលដៅចំណុចព្រំប្រទល់ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ បានរកឃើញករណី វិជ្ជមានជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ ១នាក់ ធ្វើដំណើរពីក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ដោយត្រូវដឹកជញ្ចូនគ្រឿងចក្រ មកដាក់នៅសាខាចែកចាយគ្រឿងចក្រនៅក្នុងខេត្ត ស្ទឹងត្រែង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។
ពលរដ្ឋដែលបានរកឃើញវិជ្ជមាននោះ ឈ្មោះ រុន ចាន់ហេត ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មានអាសយដ្ឋាននៅ ភូមិអូរឫស្សីលើ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អ្នករួមដំណើរក្នុងរថយន្តជាមួយអ្នកវិជ្ជមាននេះចំនួន ០២នាក់ ជាប្រពន្ធ និងកូនរបស់អ្នកជំងឺ។ ក្រុមគ្រូពេទ្យបានយកសំណាកវត្ថុវិភាគរកជំងឺកូវីដ-១៩ ដោយឧបករណ៍តេស្តរហ័ស ជាលទ្ធផលដំបូង គឺអវិជ្ជមាន បានដាក់ឲ្យសម្រាកនៅមណ្ឌលចត្តាឡឺស័កក្រុងស្ទឹងត្រែង ដើម្បីបន្តតាមដានសុខភាពតាម បច្ចេកទេសសុខាភិបាល។
អ្នកជំងឺខាងលើបានដាក់ឲ្យសម្រាកព្យាបាល នៅអគារព្យាបាលអ្នកជំងឺកូវីដ-១៩ របស់ខេត្ត។ រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ទំនាក់ទំនងមកក្រុមការងារជំនាញ តាមរយៈលេខទូរសព្ទលេខ 088 636 3689 ឬ 088 877 8000 ឬ 017 788 000 ឬ 097 263 0564 ដើម្បីយកសំណាកវិភាគរកជំងឺកូវីដ-១៩ បានទាន់ពេលវេលា និង សូមចូលរួមអនុវត្តនូវវិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា។
អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើនេះ សូមប្រជាពលរដ្ឋ សាធារណជន និងគ្រប់អ្នក ពាក់ព័ន្ធទទួលជ្រាប និងចូលរួមអនុវត្តវិធានការណែនាំជាធរមានឲ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ, សិលា