សម្ពាធទាបសីតុណ្ហភាព Claudette នៅរដ្ឋ Alabama បណ្តាលឲ្យមានខ្យល់និងភ្លៀងខ្លាំង បានសម្លាប់មនុស្សអស់១២នាក់ នៅអាមេរិក។ សម្ពាធទាបនេះនឹងវិវឌ្ឍទៅជាខ្យល់ព្យុះទ្រង់ទ្រាយធំ វាយប្រហារចូលរដ្ឋ Alabama សហរដ្ឋអាមេរិក នៅយប់ថ្ងៃទី ២០ខែមិថុនា។
ព្យុះ Claudette បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ដែលមានកម្រិតទឹកចាប់ពី៥-១០ សង់ទីម៉ែត្រ ។ ព្យុះនេះនឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ភាគខាងកើត ក្នុងនោះមានរដ្ឋ Florida Panhandle, Florida, Georgia ព្រមទាំងបណ្តាស្រុកនៅភាគកណ្តាលរដ្ឋ Corolina ខាងត្បូង នាថ្ងៃទី២២ខែមិថុនា ។
ព្យុះClaudette បានផ្ដាច់ជីវិតមនុស្ស ១២នាក់នៅក្នុងរដ្ឋអាឡាបាម៉ា (Alabama) ខណៈវាបានបោកបក់ឆ្លងកាត់ភាគអាគ្នេយ៍សហរដ្ឋអាមេរិក ។ ឥទ្ធិពលនៃខ្យល់ព្យុះបង្កឲ្យមានគ្រោះទឹកជំនន់ផងដែរ ដែលបានបំផ្លាញផ្ទះសម្បែងរាប់សិបខ្នង។
ខ្យល់ព្យុះ Claudette បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយនៅចម្ងាយប្រហែល ៥៥គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុង Montgomery រដ្ឋ Alabama ខណៈមនុស្សជាច្រើនទៀតក៏បានរងរបួសផងដែរ។
មន្ត្រីក្នុងតំបន់បានឱ្យដឹងថា រថយន្តដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ទំនងជាត្រូវបានព្យុះកួចនាំឲ្យរអិលចង្កូតនៅលើផ្លូវសើម។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះមានក្មេងចំនួន៩នាក់ អាយុចន្លោះពី៩ខែទៅ១៧ឆ្នាំ និងបុរសម្នាក់ដែលមានអាយុ២៩ឆ្នាំ។ ដោយឡែកមនុស្ស២នាក់ទៀតដែលរស់នៅទីក្រុង Tuscaloosa រដ្ឋ Alabama ក៏បានស្លាប់ផងដែរ ដោយសារដើមឈើរលំសង្កត់ ពួកគេជាបុរសអាយុ២៤ឆ្នាំម្នាក់ និងក្មេងប្រុសអាយុ៣ឆ្នាំម្នាក់៕
ដោយ៖ធីរីណា