ខេត្តក្រចេះ ៖ អ្នកភូមិនាំគ្នាភ្ញាក់ផ្អើលនឹងបុរសម្នាក់ធ្លាក់ពីលើជណ្តើរផ្ទះគេ បណ្តាលឲ្យបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ឧបទ្ទវហេតុនេះកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2021 នៅចំណុចភូមិក្បាលជួរឃុំសំបុកស្រុកចិត្របុរីខេត្តក្រចេះ។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកចិត្របុរីបានឲ្យដឹងថា ជនរងគ្រោះឈ្មោះឆាយ រីហេន(ហៅម៉ៅ)ភេទប្រុសអាយុ 41ឆ្នាំមានទីលំនៅកន្លែងកើតហេតុខាងលើ។មុនពេលកើតហេតុ ជនរងគ្រោះ បានផឹកស្រាសស្រវឹង(មនុស្សញៀនស្រាជាប្រចាំ) ហើយបានឡើងទៅធាក់ទ្វារផ្ទះឈ្មោះ សំ ឆៃលាង ភេទប្រុសអាយុ 50 ឆ្នាំដោយក្នុងស្ថានភាពស្រវឹងហើយក៏បានធ្លាក់ពីលើជណ្ដើរមកដីបណ្ដាលឲ្យបាក់ក ស្លាប់តែម្តង ។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់ការិយាល័យ នគរបាលបច្ចេកទេសវិទ្យាសាស្រ្តសហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកចិត្របុរី និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបុក បានធ្វើការស្រាវជ្រាវតាមនីតិវិធីទើបរកឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយសារឧបទ្ទវហេតុធ្លាក់ពីលើកាំជណ្តើរប្រាកដមែន។
ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច័យរួចសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕