លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហាញពីវឌ្ឍនភាព គម្រោង ការកសាងសមត្ថភាពបន្ស៊ាំ តាមរយៈការពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញ នៅតំបន់ជនបទនៃប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា, វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីទី១០៖ គម្រោង ការកសាងសមត្ថភាពបន្ស៊ាំ តាមរយៈការពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញ នៅតំបន់ជនបទនៃប្រទេសកម្ពុជា (Building Adaptive Capacity through the Scaling-up of Renewable Energy Technologies in Rural Cambodia Project, S-RET)

លោករដ្ឋមន្ត្រីបញ្ជាក់ថា, S-RET គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមក្របខណ្ឌហិរញ្ញប្បទានឥតសំណងរបស់មូលនិធិបរិស្ថានពិភពលោក (GEF) តាមរយៈមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ។ គោលដៅរបស់គម្រោង គឺធ្វើឱ្យកាន់តែប្រសើរនូវជីវភាពរស់នៅរបស់កសិករក្រីក្រតាមជនបទនៃខេត្តគោលដៅចំនួន ៥ គឺខេត្តកំពត កណ្ដាល ព្រៃវែង ស្វាយរៀង និងខេត្តតាកែវ តាមរយៈការពង្រីកឱ្យកាន់តែទូលំទូលាយនូវការទទួលយក និងប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញ (Renewable Energy Technology, RET) ក្នុងការគាំទ្រការផលិត ការកែច្នៃ និងការធ្វើអាជីវកម្មកសិកម្មរបស់កសិករ។

ទទ្ទឹមនឹងនេះ គម្រោងក៏បានពង្រីកទៅខេត្តទាំងអស់ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលកម្មវិធីនេះកំពុងអនុវត្តសកម្មភាពនៅទូទាំងប្រទេស កម្ពុជា។ គម្រោង S-RET មានរយៈពេល ៥ ឆ្នាំ គឺចាប់ផ្តើមអនុវត្តពីខែតុលា ឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០២១ (រួមទាំងការពន្យារការអនុវត្តគម្រោងរយៈ ៦ ខែ ដោយសារបញ្ហាកូវីដ ១៩) ដោយប្រើប្រាស់ថវិកាសរុបចំនួន ៤,៦ លានដុល្លាអាមេរិក។

គោលបំណងសំខាន់របស់គម្រោងគឺគាំទ្រ និងជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញ ក្នុងផលិតកម្មកសិកម្ម និងការកែច្នៃកសិផលរបស់កសិករ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលដែលមានប្រភពមិនស្ថិតស្ថេរ ដូចជាប្រេងឥន្ធនៈ ធ្យូងថ្ម និងចរន្តអគ្គិសនីពីបណ្ដាញរដ្ឋ ដែលសុទ្ធសឹងតែត្រូវចំណាយ ថវិកាគ្រួសារសម្រាប់ការប្រើប្រាស់។ លើសពីនេះទៀត ការប្រើប្រាស់ថាមពលកកើតឡើងវិញ បានផ្ដល់អត្ថប្រយោជន៍មហាសាលដល់សុវត្ថិភាព និងសុខមាលភាពសង្គមផងដែរ។

គម្រោងមាន ២ សមាសភាគគឺ៖
សមាសភាគទី ១៖ ការជំរុញប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញក្នុងផលិតកម្មកសិកម្ម និងការកែច្នៃកសិផល
សមាសភាគទី ២៖ ការកសាងគោលនយោបាយគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញ ក្នុងវិស័យកសិកម្ម។

ការអនុវត្តសកម្មភាពគម្រោងក្នុងសមាសភាគទី ១ បានដំណើរការដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយវិស័យឯកជន និងអង្គភាពជំនាញទាំងឡាយដែលបាននិងកំពុងធ្វើអាជីវកម្មបច្ចេកវិទ្យាថាមពលកកើតឡើងវិញ ក្នុងវិស័យកសិកម្ម ដោយត្រូវបានបែងចែកជាពីរដំណាក់កាល គឺ៖
ក. ការធ្វើពិសោធន៍ និងធ្វើបង្ហាញឲ្យកសិករទទួលបានផលលើការដាំដុះ ចិញ្ចឹម និងកែច្នៃកសិផល ដោយផ្ទាល់ ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទានរបស់គម្រោង ។ សម្រាប់សកម្មភាពនេះ មានក្រុមហ៊ុន និងអង្គភាពចំនួន ៩ ចូលរួមអនុវត្ត គឺ៖
១. ក្រុមហ៊ុន EcoSun បានដំឡើងម៉ូទ័របូមទឹកចល័ត ប្រើថាមពលព្រះអាទិត្យ ចំនួន ៤០ គ្រឿង ជូនដល់កសិករចំនួន៤០ គ្រួសារ,
២. ក្រុមហ៊ុន KOSOL/LES បានដំឡើងឧបករណ៍ហាលសម្ងួត ប្រើថាមពលព្រះអាទិត្យចំនួន ៣០ គ្រឿង ជូនដល់កសិករចំនួន ៣០ គ្រួសារ,
៣. ក្រុមហ៊ុន GIC បានផ្គត់ផ្គង់ភ្ញាស់ស៊ុតមាន់ ប្រើថាមពលព្រះអាទិត្យ ចំនួន ២៤ គ្រឿង ជូនដល់កសិករចំនួន ២៤ គ្រួសារ,
៤. ក្រុមហ៊ុន KGC បានផ្គត់ផ្គង់ឧបករណ៍ផលិតធ្យូងអនាម័យសម្រាប់កម្តៅកូនមាន់ ចំនួន ១៣០ គ្រឿង ជូនដល់កសិករចំនួន ១៦៥ គ្រួសារ,
៥. ក្រុមការងារសកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) បានផ្គត់ផ្គង់ប្រព័ន្ឋកម្តៅទឹកសម្រាប់លាងសម្អាតបន្លែ និងផ្លែឈើ ប្រើថាមពលព្រះអាទិត្យ ចំនួន ១៥ គ្រឿង សម្រាប់កសិករ ១៥ គ្រួសារ
៦. ក្រុមហ៊ុន SOGE បានផ្គត់ផ្គង់ ប្រព័ន្ឋដាំដំណាំលើទឹក ប្រើថាមពលព្រះអាទិត្យ ចំនួន ២១ គ្រឿង ជូនដល់កសិករចំនួន ២១ គ្រួសារ,
៧. ក្រុមហ៊ុន NRG បានផ្គត់ផ្គង់ឧបករណ៍ភ្ញាស់ និងចិញ្ចឹមចង្រិត ប្រើថាមពលព្រះអាទិត្យ ចំនួន ១៥ គ្រឿង ជូនដល់កសិករចំនួន ១៥ គ្រួសារ,
៨. ក្រុមហ៊ុន SE បានផ្គត់ផ្គង់ម៉ាស៊ីនកិនចំណីសត្វ និងប្រអប់ត្រជាក់ ប្រើថាមពលព្រះអាទិត្យ ចំនួន ចំនួន ១៥ គ្រឿង ជូនដល់កសិករចំនួន ១៥ គ្រួសារ,
៩. ក្រុមហ៊ុន HIC បានផ្គត់ផ្គង់ថាមពលព្រះអាទិត្យ និងជីវឧស្ម័ន សម្រាប់ដំណើរការទីសត្តឃាតរបស់សហគមន៍ ចំនួន ១០ គ្រឿង ជូនដល់អ្នកទទួលផលចំនួន ៥០ គ្រួសារ ។

ខ. លទ្ធផលនៃការធ្វើពិសោធន៍ និងអនុវត្តបង្ហាញផ្ទាល់របស់ក្រុមហ៊ុន/អង្គភាពជំនាញខាងលើនេះ ត្រូវបានពិនិត្យ និងវាយតម្លៃជាបន្តបន្ទាប់ ដោយអ្នកជំនាញបរទេស និងគណៈកម្មការគ្រប់គ្រងគម្រោងដោយផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗ រួមមាន ៖ ប្រសិទ្ធភាព ប្រសិទ្ធផល និងការទទួលយក របស់កសិករជាដើម ។

ក្រុមហ៊ុន/អង្គភាពជំនាញដែលទទួលបានជោគជ័យក្នុងការវាយតម្លៃនេះ ត្រូវបានទទួលការគាំទ្រ និងឧបត្ថម្ភពីគម្រោងនូវថវិកាហិរញ្ញប្បទានសម្រាប់ប្រើប្រាស់ជាទុនវិនិយោគ ក្នុងការពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញឲ្យកាន់តែទូលំទូលាយជូនដល់កសិករដទៃទៀត ដោយមានការរៀបចំជាបណ្ដាញលក់ និងសេវាក្រោយពេលលក់ជាដើម ដើម្បីធ្វើឲ្យកសិករងាយទទួលយកទៅប្រើប្រាស់កាន់តែមានប្រសិទ្ធភាព និងមានទំនុកចិត្ត។

ក្រុមហ៊ុន និងអង្គភាពដែលទទួលបានជោគជ័យ ហើយទទួលបានហិរញ្ញប្បទានបន្ថែមសម្រាប់ពង្រីកការប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញទាំងនោះ រួមមាន៖
១. ក្រុមហ៊ុន IMB បានផ្គត់ផ្គង់ម៉ូទ័របូមទឹក ប្រើថាមពលព្រះអាទិត្យ ចំនួន ៥២៩ គ្រឿង សម្រាប់កសិករទទួលផលចំនួន ២៤២៩ គ្រួសារ
២. ក្រុមហ៊ុន EDM/PB បានផ្គត់ផ្គង់ទូភ្ញាស់ស៊ុតមាន់ ប្រើថាមពលព្រះអាទិត្យ ចំនួន ១៩៥ គ្រឿង សម្រាប់កសិករទទួលផលចំនួន ៨០៩ គ្រួសារ
៣. ក្រុមហ៊ុន EcoSun បានផ្គត់ផ្គង់ម៉ូទ័របូមទឹកចល័ត ប្រើថាមពលព្រះអាទិត្យ ចំនួន ៦៤០ គ្រឿង សម្រាប់កសិករទទួលផលចំនួន ២ ២៣២ គ្រួសារ
៤. ក្រុមហ៊ុន KOSOL/LES បានផ្គត់ផ្គង់ឧបករណ៍ហាលសម្ងួត ប្រើថាមពលព្រះអាទិត្យ ចំនួន ៧១ គ្រឿង សម្រាប់កសិករទទួលផលចំនួន ៧១ គ្រួសារ
៥. ក្រុមហ៊ុន GIC បានផ្គត់ផ្គង់ទូភ្ញាស់ស៊ុតមាន់ ប្រើថាមពលព្រះអាទិត្យ ចំនួន ៥៨ គ្រឿង សម្រាប់កសិករទទួលផលចំនួន ៤១៣ គ្រួសារ
៦. ក្រុមហ៊ុន KGC បានផ្គត់ផ្គង់ធ្យូងអនាម័យ សម្រាប់កម្តៅកូនមាន់ ចំនួន ៧៥០ គ្រឿង សម្រាប់កសិករទទួលផលចំនួន ៩១៥ គ្រួសារ
៧. ក្រុមហ៊ុន SE បានផ្គត់ផ្គង់ម៉ាស៊ីនកិនចំណីសត្វ និងប្រអប់ត្រជាក់ ប្រើថាមពល ព្រះអាទិត្យ ចំនួន ៧០ គ្រឿង សម្រាប់កសិករទទួលផលចំនួន ៧០ គ្រួសារ
៨. ក្រុមហ៊ុន NBP បានផ្គត់ផ្គង់ឡជីវឧស្ម័ន ចំនួន ២ ៦១៣ គ្រឿង សម្រាប់កសិករទទួលផលចំនួន ២ ៦១៣ គ្រួសារ ។

សកម្មភាពគម្រោងក្នុងសមាសភាគ ទី ២ ត្រូវបានអនុវត្ត ដោយមានការចង្អុលបង្ហាញពីក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយយុទ្ធសាស្ត្រឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (TWG-CCAFF) ហើយបានរៀបចំ ៖
សេចក្តីព្រាងគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពី “ ការលើកកម្ពស់ ការប្រើប្រាស់ថាមពលកកើតឡើងវិញក្នុងវិស័យកសិកម្មឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ ”
សេចក្តីព្រាងផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តគោលនយោបាយខាងលើ
សេចក្តីព្រាងកម្មវិធីសិក្សាមុខវិជ្ជាបច្ចេកវិទ្យាថាមពលកកើតឡើងវិញ ដើម្បីបញ្ជ្រាបចូលក្នុងកម្មវិធីសិក្សា តាមមហាវិទ្យាល័យនានា នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យនៃគ្រឹះស្ថាន ឧត្តមសិក្សាកសិកម្ម ទាំង ៣ ខាងលើ។

រហូតមកដល់ពេលនេះ គម្រោងបានចំណាយថវិកាអស់ប្រមាណ ៤,៣០ លានដុល្លារអាមេរិក ស្មើនឹង ៩៤% នៃថវិកាសរុប ចំនួន ៤,៦០ លានដុល្លារអាមេរិក ដោយសម្រេចជោគជ័យបានប្រមាណ ៩៨% នៃលទ្ធផលដែលបានគ្រោង។ ទន្ទឹមនឹងនេះ កសិករដែលទទួលបានផល បានពេញចិត្តនឹងទទួលនូវបច្ចេកវិទ្យាទាំងអស់ខាងលើ ដើម្បីប្រើប្រាស់ក្នុងការងារកសិកម្មរបស់ពួកគាត់។

លទ្ធផលសំខាន់ៗ ផ្សេងទៀត ដែលគម្រោងសម្រេចបាន មានដូចជា៖
 បានចងក្រង និងផ្សព្វផ្សាយឯកសារបច្ចេកទេសតាមបច្ចេកវិទ្យានីមួយៗ រួមមាន ៖ ម៉ូទ័របូមទឹក ទូភ្ញាស់ស៊ុតមាន់ ម៉ាស៊ីនកែច្នៃចំណីសត្វ ឧបករណ៍ហាលសម្ងួត ប្រព័ន្ធកម្តៅទឹកសម្រាប់ត្រាំ និងលាងសម្អាតបន្លែ និងផ្លែឈើ និងការដាំបន្លែលើទឹក ប្រើថាមពលព្រះអាទិត្យ និងធ្យូងអនាម័យសម្រាប់ដុតកម្តៅកូនមាន់
 បានបណ្ដុះបណ្ដាលមន្ត្រីជំនាញនៃនាយកដ្ឋានវិស្វកម្មកសិកម្ម និងមន្រ្តីជំនាញការិយាល័យគ្រឿងយន្តកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២៥ រាជធានី ខេត្ត សរុប ៣៥ នាក់ (ស្ត្រី ៥ នាក់)
 បានបែងចែកឧបករណ៍កសិកម្ម ប្រើថាមពលព្រះអាទិត្យ ជូននាយកដ្ឋានវិស្វកម្មកសិកម្ម និងការិយាល័យ គ្រឿងយន្តកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ទាំង ២៤ ខេត្ត
 បានរៀបចំដំណើរការពិព័រណ៍ពាណិជ្ជកម្មបច្ចេកវិទ្យា ប្រើថាមពលកកើតឡើងវិញ ក្នុងវិស័យកសិកម្មចំនួន២ លើក (នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង)
 បានរៀបចំ និងដំណើរការការសិក្សាគោលនយោបាយស្តីពី “ ការប្រើប្រាស់បច្ចេកវិទ្យា ប្រើថាមពលកកើតឡើងវិញ ក្នុងវិស័យកសិកម្មខ្នាតតូចនៅកម្ពុជា “ ដែលលទ្ធផលនៃការសិក្សានេះបានផ្តល់នូវធាតុចូលយ៉ាងសំខាន់សម្រាប់ការរៀបចំគោលនយោបាយរបស់ក្រសួង ក្នុងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា ប្រើថាមពលកកើតឡើងវិញ ក្នុងវិស័យកសិកម្មកម្ពុជា ឆ្នាំ២០២‌១-២០៣០
 បានរៀបចំ និងដំណើរការការសិក្សាគោលនយោបាយលើកទី ២ (នៅឆ្នាំ ២០២១ នេះ) ដើម្បីស្វែងយល់អំពីផលសេដ្ឋកិច្ច និងបរិស្ថាននៃការប្រើប្រាស់បច្ចេកវិទ្យា ប្រើថាមពលកកើតឡើងវិញក្នុងផលិតកម្មកសិកម្ម និងការកែច្នៃកសិផលខ្នាតតូច ដែលផ្តល់ធាតុចូលបន្ថែម សម្រាប់ជាទឡ្ហីករណ៍យ៉ាងសំខាន់ដើម្បីការកសាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលមធ្យម និងវែងនាពេលខាងមុខ
 បានជម្រុញក្រុមហ៊ុនបច្ចេកវិទ្យា ប្រើថាមពលកកើតឡើងវិញ ដែលបាននិងកំពុងសហការជាមួយគម្រោង ឱ្យពង្រឹងអាជីវកម្មរបស់ខ្លួន ដោយបង្កើតឱ្យមានបណ្តាញលក់រាយ និងសេវាកម្មក្រោយពេលលក់ឱ្យកាន់តែខិតជិតដល់កសិករជាអ្នកប្រើប្រាស់
 បានស្វែងយល់ និងគណនា បរិមាណឧស្ម័នផ្ទះកញ្ចក់ ដែលត្រូវបានកាត់បន្ថយដោយសារការប្រើប្រាស់បច្ចេកវិទ្យា ប្រើថាមពលកកើតឡើងវិញរបស់គម្រោង
 បានជាវបច្ចេកវិទ្យា ប្រើថាមពលកកើតឡើងវិញ ពីបណ្តាក្រុមហ៊ុនខាងលើ ដើម្បីចែកជូនការិយាល័យវិស្វកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សម្រាប់ បណ្តុះបណ្តាលនិងអនុវត្តបង្ហាញជូនកសិករ ឬសហគមន៍នានាក្នុងខេត្ត
 បានបំពាក់តម្រងស្ពាន់ធ័រ (H2S) ក្នុងប្រព័ន្ធឡជីវឧស្ម័ន ដើម្បីការពារសុខភាពកសិករអ្នកទទួលផល បានចំនួន ៤២១ ឡ
 បានលើកកម្ពស់ និងធ្វើបង្ហាញផ្ទាល់អំពីការបំលែងជីវឧស្ម័ន បានពីឡជីវឧស្ម័នមកប្រើប្រាស់សម្រាប់ ៖
– បង្វិលម៉ាស៊ីនបូមទឹក ជំនួសការប្រើសាំង ចំនួន ៧ កន្លែង
– បង្វិលម៉ាស៊ីនកិនស្រូវធុនតូច ជំនួសការប្រើប្រាស់ប្រេងមាស៊ូតចំនួន ១ កន្លែង
– បំភ្លឺអំពូលភ្លើងកម្តៅកូនមាន់ចំនួន ១២ កន្លែង។
 បានធ្វើជីធម្មជាតិគ្រាប់ ដោយប្រើប្រាស់កាកសំណល់ពីឡជីវឧស្ម័ន និងធ្វើពិសោធន៍អំពីប្រសិទ្ធភាពចំនួន ៣ កន្លែង ក្នុងខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។

ដោយការខិតខំប្រឹងប្រែងអនុវត្តគម្រោង និងដោយមានការលើកទឹកចិត្ត និងចង្អុលបង្ហាញជាប្រចាំពីថ្នាក់ដឹកនាំក្រសួង ជាពិសេស ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គម្រោងនេះ ត្រូវបានមូលនិធិបរិស្ថានសកល (GEF) និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) វាយតម្លៃថាជាគម្រោងដែលអនុវត្តបានល្អប្រសើរ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយបានសន្យាថានឹងបន្តគាំទ្រឱ្យមានការអនុវត្តនៅដំណាក់កាលទី ២ ថែមទៀត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print