ខេត្តស្វាយរៀង៖ យុវជនជាកម្មកររោងចក្រ២នាក់បានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបើកបរមិនគោរពសិទ្ធិអាទិភាពមកបុកម៉ូតូយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។
ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង៥និង៤៨នាទីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២១ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៤និង១៣៥ ស្ថិតក្នុងភូមិ សាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា យុវជនដែលរងរបួសមានឈ្មោះ មិត ពិសិដ្ឋ អាយុ១៥ឆ្នាំ មុខរបរកម្មកររោងចក្រ និងអ្នករួមដំណើរឈ្មោះ មិត ពិសាល ភេទប្រុស អាយុ១៥ ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំពោធិរាជ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។
ចំណែកអ្នកបើករថយន្តត្រូវបានគេស្គាល់ឈ្មោះ ប្រាក់ សាឃឿន អាយុ៦០ឆ្នាំ មុខរបរមេភូមិ រស់នៅភូមិទាហានក្រោម សង្កាត់ស្វាយតឿ ក្រុង ស្វាយរៀង ។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានយុវជន២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J-៧១០៥ក្នុងទិសដៅពីលិចទៅកើតលើផ្លូវជាតិលេខ១ ខណ:នោះស្រាប់តែមានរថយន្ដមួយគ្រឿងម៉ាកហាយឡេនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ស្វាយរៀង ២A-៣៣៣៨បើកបរឆ្លងផ្លូវពីត្បូងទៅជើងមិនគោរពសិទ្ធិអាទិភាពក៏បុកម៉ូតូយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។
ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕
ដោយ៖ យឹម សុថាន