ខេត្តកោះកុង, អយ្យការអមសាលាដំបូងខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូន លោក លោកស្រីមេធាវី ភាគីពាក់ព័ន្ឋក្នុងសំណុំរឿង និងសាធារណជន មេត្តាជ្រាបថា ដោយសារស្ថានភាព នៃការចម្លងជំងឺកូវីដ-១៩ ក្នុងខេត្តកោះកុង មានការរីករាលដាលឆាប់រហ័ស និងស្មុគស្មាញជាងព្រឹត្តិការណ៍សហគមន៍មុនៗ ហើយដើម្បី ចូលរួមទប់ស្កាត់ការរីករាលដាល ក្នុងខេត្តកោះកុងបន្ថែមទៀត អយ្យការអមសាលាដំបូងខេត្តកោះកុង សម្រេច “ផ្អាកនីតិវិធីកោះហៅ និងការចូលឆ្លើយបំភ្លឺ ដែលបានគ្រោងទុក នៅចន្លោះពេលពីថ្ងៃទី២២ ខែមិថុនា ដល់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ទៅពេលក្រោយវិញ ។ អយ្យការអមសាលាដំបូងខេត្តកោះកុង នឹងកំណត់កម្មវិធី កោះហៅឡើងវិញ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ ក្នុងខេត្តកោះកុង បានធូរស្រាល ។ ដោយឡែកពាក់ព័ន្ធនឹង សំណុំរឿងជាក់ស្តែង តំណាងអយ្យការ នឹងចាត់ការតាមការជាក់ស្តែង យោងតាមករណីនីមួយៗ ដោយគោរព តាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល និងកាត់បន្ថយការប្រមូលផ្តុំ។
ចំពោះការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ នៅដំណើរការ ជាធម្មតា ប៉ុន្តែសូមមន្ត្រីទាំងអស់ត្រូវបំពេញភារកិច្ចរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវវិធានការ អនាម័យ ពាក់ម៉ាស លាងដៃ រក្សាគម្លាត ចៀសវាងការប្រមូលផ្តុំ និងធ្វើការតាមដានសុខភាពជាប្រចាំ ។ អាស្រ័យហេតុនេះ សូម លោក លោកស្រីមេធាវី ភាគីពាក់ព័ន្ធក្នុងសំណុំរឿង និងសាធារណជន មេត្តាជ្រាប ជាព័ត៌មាន តាមការគួរ ៕
ដោយ, សិលា