ភ្នំពេញ៖ ជនសង្ស័យម្នាក់ រួមទាំងថ្នាំញៀន១១កញ្ចប់ត្រូវបានកម្លាំងល្បាត របស់នគរបាលប៉ុស្តិ៍ចោមចៅ យកមកធ្វើការសាកសួរ កាលពីវេលាម៉ោង៤ និង៣៥នាទីរសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវបេតុង ភូមិ៦ បុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះ ទ្រី ចាន់វិបុល ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ៦ បុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្បែរកន្លែងកើតហេតុមានស្រុកកំណើត ភូមិ២៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ ក្នុងប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចដកហូតបានថ្នាំញៀន ក្រាមពណ៌ស ប្រភេទម៉ាទឹកកក ចំនួន១១កញ្ចប់តូច ។
តាមប្រសាសន៍លោក ថេង កុសល នាយប៉ុស្តិ៍រដ្ឋបាលចោមចៅបានឲ្យដឹងថា ដោយសារតែមានកាហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងទទួលបទបញ្ជាពីលោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ រាល់ការទប់ស្កាត់ បង្ក្រាបរាល់បទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន ដើម្បីរក្សាបាននូវសន្តិសុខ សុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ និងជម្រុញឲ្យកម្លាំងនគរបាលតាមបណ្តាប៉ុស្តិ៍រដ្ឋបាលតាមបណ្តាមូលដ្ឋានយកចិត្តទុកដាក់ទប់ស្កាប់ និងបង្ក្រាបឲ្យទាន់ពេលវេលា ទើបកម្លាំងនគរបាល ប៉ុស្តិ៍ចោមចៅ ហើយក្រោយពីមានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋជុំវិញករណីជួញដូរគ្រឿងញៀនខាងលើ ទើបកម្លាំងនគរបាលចុះទៅដល់ ទីកន្លែងខាងលើ ខណៈជនសង្ស័យកំពុងធ្វើការជួញដូរគ្រឿងញៀនតាមផ្លូវត្រង់ចំណុចខាងលើ សង្ស័យក៏ធ្វើការឃាត់ខ្លួនបានម្នាក់ ធ្វើការត្រួតពិនិត្យ រកឃើញថ្នាំញៀន១១កញ្ចប់តូចនៅនឹងខ្លួន ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ ។
ក្រោយពេលធ្វើការសាកសួរនៅប៉ុស្តិ៍ចោមចៅ រួចសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួន រួមជាមួយវត្ថុតាងទៅផ្នែកជំនាញ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តទៅតាមនីតិវីធី និងបន្តតាមចាប់បក្ខពួកម្នាក់ទៀតយកមកផ្តន្ទាទោសតាមច្បាប់៕
ដោយ៖ សុខាសែនជ័យ