រដ្ឋមន្ត្រីក្រសួងការងារ៖ សហជីព ត្រូវដោះស្រាយលើតុចរចារ ជៀសវាងការដឹកនាំធ្វើបាតុកម្មបិទផ្លូវ ឬប្រើហឹង្សា បំផ្លិចបំផ្លាញសម្បត្តិសាធារណៈ និងឯកជន

ចែករំលែក៖

ភ្នំពេញ៖ ក្នុងពិធីប្រកាសផ្ទេរតំណែងប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) អាណត្តិទី៣ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ​ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញទៅដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាសហព័ន្ធសហជីព ត្រូវគិតដល់តុចរចារជាអតិប្បរមា ជៀសវាងឱ្យបានរាល់ការដឹកនាំធ្វើបាតុកម្មបិទផ្លូវ ឬប្រើហឹង្សា បំផ្លិចបំផ្លាញសម្បត្តិសាធារណៈ និងឯកជននានា ដូចសហជីពមួយចំនួនបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ បង្កភាពវឹកវរចលាចល និងអសន្តិសុខដល់សង្គម បង្អាក់ដល់ការប្រកបរបរការងារ រកទទួលទានរបស់ប្រជាពលរដ្ឋ សម្រាប់បុគ្គល រឺក៏ក្រុមដែលធ្វើការញុះញង់ឲ្យប្រព្រឹត្តហឹង្សាអស់ទាំងនេះ នឹងត្រូវទទួលទោសតាមផ្លូវច្បាប់ផងដែរ។

ទន្ទឹមនឹងនោះ ក្នុងនាមជាសហជីព ត្រូវការពារសិទ្ធិ ប្រយោជន៍រួមស្របច្បាប់របស់កម្មករនិយោជិត ជាជាងផលប្រយោជន៍ក្រុម ឬបុគ្គលណាមួយ និងត្រូវធ្វើការផ្អែកលើគោលការណ៍ច្បាប់ សំដៅរក្សាឱ្យបាននូវភាតរភាព ទំនាក់ទំនងល្អជាមួយ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស។​

លោក​រដ្ឋមន្ត្រី បានបន្ថែមទៀតថា​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាដៃគូរការងារ បើកទ្វាររង់ចាំផ្តល់សេវា និងកិច្ចសហការទាំងឡាយសម្រាប់គ្រប់ភាគីដែលពាក់ព័ន្ធ។

ឆ្លើយតបនឹងស្ថានភាពសេដ្ឋកិច្ច ដែលមានការប្រកួតប្រជែង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ គិតគូរដល់បរិយាកាសការងារ សុខទុក្ខរបស់បងប្អូនកម្មករនិយោជិត សហជីពតំណាងកម្មករនិយោជិត និងនិយោជក ដោយបានដាក់ចេញនូវសកម្មភាពយុទ្ធសាស្ត្រសំខាន់ៗ ដូចមានចែងក្នុងសៀវភៅផែនការយុទ្ធសាស្ត្រ ឆ្នាំ២០១៩-២០២៣។ ក្រៅពីផែនការយុទ្ធសាស្រ្ត ក្រសួងបានបង្កើតស្នាដៃ និងធ្វើកិច្ចការជាក់ស្តែងជាច្រើនក្នុងការលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត និងការចូលរួមរបស់អង្គការវិជ្ជាជីវៈផងដែរ។

នាឱកាសនោះ លោកបណ្ឌិត អ៉ិត សំហេង ក៏បានអបអរសារទរចំពោះលោក សោម អូន ដែលត្រូវបានព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហរទ័យត្រាស់បង្គាប់តែងតាំងមុខតំណែងជា រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសូមអបអរសាទរចំពោះ លោក សួង ហួត ដែលបានទទួលនូវសេចក្តីទុកចិត្ត និងជ្រើសតាំងជាប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បន្តពីលោក សោម អូន។

បន្ថែមពីនេះ​ លោករដ្ឋមន្ត្រី ជឿជាក់ថាក្នុងអាណត្តិទី៣ ដែលដឹកនាំដោយ លោក សួង ហួត នឹងបន្តការដឹកនាំសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានល្អ ព្រមទាំងបង្កើតស្នាដៃថ្មីៗបន្ថែមទៀត ដើម្បីបម្រើឱ្យផលប្រយោជន៍របស់កម្មករនិយោជិត ដោយផ្អែកលើទិដ្ឋភាពច្បាប់ជាមូលដ្ឋាន និងដើម្បីរក្សាបាននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

បើតាមរបាយការណ៍របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា​ ក៏បានឲ្យដឹងថា សភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC) បានបង្កើតឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០០៧ ដោយមានការចូលរួមចងជាសម្ព័ន្ឋភាពពីសហភាពចំនួន០៣ និងសហព័ន្ធចំនួន ០៨ ។ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC)គឺជាសម្ព័ន្ធសហភាពសហជីព ដែលបានបង្កើតដំបូងគេបំផុតនៅកម្ពុជា ស្របពេលវិស័យឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌមានការរីកចំរើន ហើយពេលនោះវិវាទការងារក៏មានការកើតឡើងគួរកត់សំគាល់ផងដែរ ។

ដោយសារតែភាពសកម្មហើយ មានទស្សនៈវិស័យនិងគោលដៅច្បាស់លាស់ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ទទួលបានការទាក់ទាញនិងការចាប់អារម្មណ៍ពីសំណាក់សហព័ន្ឋសហជីព អង្គការ សមាគម ដទៃទៀតចូលរួមជាសមាជិក និងបានចងជាសម្ព័ន្ធភាព ដែលរហូតមកដល់ពេលនេះ NACC មានសហភាពចំនួន0៧ និងសហព័ន្ធសហជីព សមាគម អង្គការ ចំនួន៥៦ ក្នុងនោះមានសមាជិកបម្រុងចំនួន០៤សហព័ន្ឋសហជីព។

គួរបញ្ជាក់ថា​ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានធ្វើសកម្មភាព និងប្រមូលចងក្រងសមាជិកនៅក្នុងវិស័យ កាត់ដេរសំលៀកបំពាក់ ស្បែកជើង កាបូប វិស័យអប់រំ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ វិស័យទេសចរណ៍ វិស័យស្បៀងអាហារ និង វិស័យ កសិកម្ម ។ បច្ចុប្បន្នសភាសម្ព័ន្ធសហជីពជាតិកម្ពុជាមានសមាជិកសរុប គ្រប់វិស័យជាង ៤៥ម៉ឺននាក់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print