ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់សង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តហាយឡេនឌ័រពាក់ស្លាកលេខខេមរភូមិន្ទ បត់ត្រឡប់ក្រោយមិនប្រយ័ត្នបណ្តាលឱ្យធ្លាក់ផ្លូវខណ:ដីសើមនិងបែកភក់បណ្តាលឲ្យផុងជាប់ហើយខំជាន់ហ្គាររោទ៍បណ្តាលឱ្យស្ទុះទៅបុករីុម៉កម៉ូតូដែលបើកបរដោយបុរសម្នាក់រួមដំណើរជាមួយកូនពីរនាក់បញ្ច្រាសទិសគ្នាធ្វើឱ្យរងរបួសស្រាលទាំងបីនាក់ ចំណែករថយន្តមិនអស់ល្បឿនបន្តទៅធ្លាក់ចូលប្រឡាយលូទឹកស្អុយទៅមុខលែងរួច កាលពីព្រលប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ត្រង់ប្រឡាយលូទឹកស្អុយ មុខបុរី (ចេសុី) ព្រំប្រទល់បុរីពិភពថ្មី ឈូកមាស ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តហាយឡេនឌ័រ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខខេមរភូមិន្ទ09-2-5290ក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុខាងលើក៏បានបត់ឆ្វេងដៃត្រឡប់ក្រោយទៅទិសខាងជើងវិញ ស្រាប់តែធ្លាក់ផ្លូវ ចំដីសើមនិងបែកភក់ក៏ជាប់ផុងទៅមុខលែងរួច។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកអ្នកបើកបររថយន្តខំប្រឹងជាន់ហ្គាររោទ៍ ស្រាប់តែរថយន្តស្ទុះឡើងកាត់ផ្លូវទៅបុករឺុម៉កម៉ូតូមួយគ្រឿងបើកបរដោយបុរសម្នាក់រួមដំណើរជាមួយកូនតូច ពីរនាក់ដែលបើកបញ្ច្រាសទិសគ្នាពីជើងទៅត្បូងចំចំហៀងរឺុម៉កម៉ូតូ phnom ផ្នែកខាងឆ្វេងបណ្ដាលឱ្យខ្ទាតទៅអែបមាត់ប្រឡាយលូទឹកស្អុយ បណ្ដាលឲ្យអ្នកបើកបរនិងអ្នករួមដំណើររងរបួសស្រាល ។ បន្ទាប់មករថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តធ្លាក់ចូលប្រឡាយលូទឹកស្អុយទៅមុខលែងរួច តែសំណាងល្អដែរដែលតែកុងរថយន្តមិនមានរងរបួស។ក្រោយហេតុការណ៍អ្នករងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ហើយសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុរួចហៅរថយន្តស្ទូចមកស្ទូចរថយន្តចេញពីប្រឡាយលូទឹកស្អុយឡើងមកលើគោកវិញ។ បន្ទាប់មកក៏មានតំណាងទាំងសងខាងបានមកដល់កន្លែងកើតហេតុ ហើយសមត្ថកិច្ចបានឲ្យតំណាងទាំងសងខាងធ្វើការសម្រុះសម្រួលគ្នា។ ក្រោយពីសម្រុះសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោងក្រោយមកភាគីទាំងពីរបានព្រមព្រៀងគ្នាដោយភាគីខាងរថយន្តបានចេញសំណងចំនួន៨០០ដុល្លារទៅឲ្យខាងភាគីរុឺម៉កម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ ៖ ជីម ភារ៉ា