ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត ចំណាយពេលវេលាជាមួយការងារស្ម័គ្រចិត្តចូលរួមជាមួយក្រុមគ្រូពេទ្យជួរមុខជាង២ខែហើយដែល ។ អ្វីដែលកាន់តែធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ មិនអាចទប់អារម្មណ៍រំភើប និងមិនសរសើរមិនបាននោះគឺសកម្មភាពថ្មីៗនៃរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២១នេះដោយលោកបានឆ្លៀតពេលបង្ហើរសំណើរចែកជូនអ្នកជំងឺនៅមណ្ឌលថែទាំអ្នកជំងឺកូវីដ១៩ទួលពង្រស្តាប់កម្សាន្តកែអផ្សុក។
លោកបានប្រឹងស្រែកច្រៀងបម្រើការកម្សាន្តរបស់អ្នកជំងឺរាប់រយនាក់នៅទីនេះទាំងសម្លៀកបំពាក់ការពារ ដែលគេដឹងថាហប់ គួរឲ្យស្អុះស្អាប់ ដែលមនុស្សធម្មតាស្ទើតែពិបាកពាក់ដើរ ឬអង្គុយបានស្រួលនោះ។ តារាចម្រៀងរូបនេះបានបញ្ជាក់ថា ជាដំបូងខ្ញុំបាទសូមលើកម្រាមដៃដប់សុំទោសដល់បងប្អូនប្រសិនបើមានការខុសឆ្គងណាមួយក្នុង វីដេអូនេះ។ សកម្មភាពក្នុងន័យចង់អោយពួកគាត់សប្បាយចិត្ត បន្ថយភាពភ័យខ្លាច និងចាត់ទុកដូចជាការហាត់ប្រាណ ។ជាចុងក្រោយក្នុងនាមខ្ញុំបាទជាគ្រូពេទ្យជួរមុខក្រុម៣ មណ្ឌលទួលពង្រសូមថ្លែងអំណរគុណយ៉ាងខ្លាំងក្រៃលែងដល់ថ្នាក់ដឹកនាំដល់ពូកែរទាំងពីររូប គឺបងប្រុស ហ៊ុន ម៉ាណែត និង បងស្រី ពេជ្រ ចន្ទមុន្នី ដែលបានយកចិត្តទុកដាក់ដល់ក្រុមគ្រូពេទ្យនិងអ្នកជំងឺគ្រប់ជ្រុងជ្រោយទាំងអស់ សូមជូនពរបងទាំងពីរ និង បងៗក្រុមការងារ ក៏ដូចជាអ្នកជំងឺទាំងអស់ សុខសប្បាយ និង សុខសុវត្តិភាពគ្រប់ៗគ្នា #3កុំ3ការពារ។ បន្ថែមពីលើកសារនេះគឺជាវីដេអូប្រមាណជាង៣នាទិដែលបង្ហាញពីសកម្មភាពនៃការច្រៀង របស់តារាចម្រៀងរូបនដែលបទចម្រៀងដ៏ល្បីល្បាញរបស់លោកត្រូវបានលើកយកមកច្រៀងបម្រើការកម្សាន្តរបស់អ្នកជំងឺនៅគ្រានោះគឺមានទាំងបទ “ស្រលាញ់អូនដល់កាន់ឈើច្រត់” នោះជាដើម។
គួរបញ្ជាក់ដែរថា ខណៈដែលមនុស្សជាច្រើនខ្លាចរអារនឹងជំងឺផ្លូវដង្ហើមមួយនេះស្រាប់តែគេបានឃើញវត្តមានតារាចម្រៀង ជ័យសុវ៉ាត ដែលធ្លាប់តែកាន់កាន់មេក្រូលើឆាកតន្ត្រីនោះងាកមកធ្វើការងារសង្គម ប្រយុទ្ធនឹងជំងឺកូវីដ១៩ទៅវិញ។ សកម្មភាពនេះទទួលបានការកោតសរសើរពីទឹកចិត្តមុះមុតក្នុងការងារសង្គមរបស់តារាចម្រៀងរូបនេះពិសេសក្នុងពេលបច្ចុប្បន្នដែលប្រទេសជាតិត្រូវការទ័ពអាវសរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោកគឺជានិស្សិតពេទ្យឆ្នាំទី៨នៃសាលាឯកជនមួយលើឯកទេសវេជ្ជបណ្ឌិតទូទៅ ប៉ុន្តែការស្ម័គ្រចិត្តចូលរួមការងារនេះគឺដើម្បីជាការចូលរួមចំណែកជួយដល់សង្គមដែលកំពុងមានបញ្ហាប្រឈម។ លោកថាទោះហត់ មិនសប្បាយដូចច្រៀងមែនប៉ុន្តែ លោកពិតជាសប្បាយចិត្តដែលបានចូលរួមចំណែកក្នុងការជួយដល់កិច្ចការងារសង្គម ជួយដល់ប្រជាពលរដ្ឋយើង ហើយការក្លាយខ្លួនជាវេជ្ជបណ្ឌិតគឺជាក្តីស្រមៃរបស់លោកចាប់តាំងពីកុមារនោះ៕
ដោយ៖ វឌ្ឍនា