ខេត្តកណ្តាលៈ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីត្រូវចរន្តអគ្គិសនីឆក់កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ។ ជនរងគ្រោះ ឈ្មោះ សួន សឹម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅភូមិឃ្លាំង ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានរៀបចំដោតខ្សែភ្លើងបោះឡើងទៅលើដើម្បីផ្សារដំបូលផ្ទះ ដោយខ្សែភ្លើងគងនៅលើដែកមិនដឹងថា ពេលនោះវាឆ្លងភ្លើង បន្ទាប់មកជនរងគ្រោះ បានឡើងទៅ រួចបានតោងកាន់ចំដែក ដែលមានចរន្តអគ្គិសនីឆ្លង ហើយបានឆក់ជាប់នៅលើដំបូល។ ភ្លាមនោះមានជាងដូចគ្នានៅក្បែរបានឃើញ បានរត់ទៅដកឌុយភ្លើងចេញរួច ជួយដាក់ជនរងគ្រោះចុះមកដី ដើម្បីយកទៅសង្គ្រោះ នៅផ្ទះពេទ្យឈ្មោះ ប្រាក់ សំអន តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ៕ ស្អាងជ័យ