អាមេរិកបានបន្ថែមទណ្ឌកម្មថ្មីបន្ថែមទៀតលើកូរ៉េខាងជើង ដើម្បីជាការតប់តទៅនឹងសកម្មភាពសាកល្បងមីស៊ីល និងគ្រាប់បែកបរមាណូកន្លងមក។
កាលពីថ្ងៃទី១៦ ខែមីនា អាមេរិកបានចុះហត្ថលេខាទៅលើច្បាប់ដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង ។ អ្នកនាំពាក្យសេតវិមានបានឲ្យដឹងថា ការដាក់ទណ្ឌកម្មថ្មីនេះគឺដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងឲ្យបោះបង់សកម្មភាពឌឺដងបង្កឲ្យមានភាពតានតឹង និងអសន្តិសុខក្នុងតំបន់។
តាមច្បាប់ដាក់ទណ្ឌកម្មថ្មី ទីក្រុងវ៉ាស៊ីនតោននឹងហាមប្រាប់ពលរដ្ឋអាមេរិកមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយកូរ៉េខាងជើង ក្នុងនោះមានសកម្មភាពដឹកជញ្ជូន ឃួងយករ៉ែ ថាមពល និងទេសចរណ៍ជាដើម ។ ក្រៅពីនេះ ក្រុមអ្នករកស៊ីអាមេរិកក៏ត្រវបានហាមនាំទំនិញចេញ ចូលកូរ៉េខាងជើង ផ្តល់សេវាកម្ម ឬបច្ចេកវិទ្យាជាមួយទីក្រងព្យុងយ៉ាង ។
កាលពីថ្ងៃតី២ ខែមីនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ទៅលើកូរ៉េខាងជើង ក្រោយពេលប្រទេសនេះបានសាកល្បងគ្រាប់បែកបរមាណូ និងកាំជ្រួចមីស៊ីល ។
ច្បាប់ដាក់ទណ្ឌកម្មថ្មីស្នើឲ្យត្រួតពិនិត្យរាល់នាវាដឹកទំនិញ និងយន្តហោះមុនពេលចាកចេញ និងចូលទៅកូរ៉េខាងជើង ។ លើសពីនេះទៅទៀតអាវុធគ្រប់ប្រភេទត្រូវបានហាមនាំចេញ ចូលទៅកាន់កូរ៉េខាងជើង ។
កាលពីថ្ងៃទី១៦ ខែមីនា កូរ៉េខាងជើង ក៏បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយមានគោលដៅវាយប្រហារទៅលើទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងទីតាំងយោធារបស់អាមេរិក។ ស្ថានភាពនៅឧប្បទ្វីបកូរ៉េតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែមានសកម្មភាពយោធាជាច្រើននៅទីនោះ ក្នុងនោះមានការធ្វើសមយុទ្ធទ្រងទ្រាយធំបំផុតរបស់អាមេរិកនិងកូរ៉េខងត្បូង ៕ ម៉េវ សាធី