យន្តហោះយោធាមួយគ្រឿងរបស់អ៊ីរ៉ាក់ ត្រូវបានក្រុមអិស្លាមបង្កើតរដ្ឋIS បាញ់ទម្លាក់ស្ថិតនៅក្នុង ខេត្ត Kirkuk ភាគអាគ្នេយ៍ នៃប្រទេសនេះ កាលពីថ្ងៃទី១៦ ខែមីនា ។
ការប្រកាសបាញ់ទម្លាក់យន្តហោះយោធារបស់ក្រុមអិស្លាមបង្កើតរដ្ឋ ចំពេលដែលរដ្ឋាភិបាលអ៊ីរាក់បានប្រកាសថា មានយន្តហោះយោធាមួយគ្រឿងជួបគ្រោះថ្នាក់។ ក្រុមអិស្លាមបានប្រកាសនៅលើបណ្តាញសង្គមថា ពួកគេបានបាញទមា្លក់យន្តហោះអ៊ីរ៉ាក់មួយគ្រឿង ដោយកាំភ្លើងធំការពារដែនអាកាស ទំហំ ៥៧មីល្លីម៉ែត្រ នៅតំបន់ Huwaija ។ នៅលើយន្តហោះនោះ មានទាហាន៥នាក់បានស្លាប់ទាំងអស់ ។
សារព័ត៌មាន AFP បានផ្សាយថា យន្តហោះ Cessna 208 Caravan កំពុងហោះហើរយាមល្បាតនៅចម្ងាយពីទីក្រុងបាដាដ២២០គីឡូម៉េត្រ ។ តាមការសន្និដ្ឋានជាបឋមយន្តហោះខាងលើជួបគ្រោះថ្នាក់ដោយសារតែបញ្ហាម៉ាស៊ីន ។
យន្តហោះ Cessna Caravan ជាយន្តហោះសម្រាប់ហ្វឹកហាត់ត្រូវបានរដ្ឋាភិបាលប្រទេសអ៊ីរ៉ាកកែឆ្នៃទៅជាយន្តហោះទម្លាក់គ្រាប់ ។ នៅពេលនេះ ក្រុមជំនាញអ៊ីរ៉ាក់កំពុងបើកការស្រាវជ្រាវស្វែងរកមូលហេតុពិតបណ្តាលឲ្យមានគ្រោះថ្នាកខាងលើកើតឡើង ៕ ម៉ែវ សាធី