ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៩ មិថុនា ឆ្នាំ២០២១នេះ នៅចំពោះមុខជនជាប់ចោទ បានលើកយកសំណុំរឿងស៊ីដាច់ប្រាក់៧៦ម៉ឺនដុល្លារ ក្នុងការរត់ការអោយជនជាតិចិន៣នាក់ចូលសញ្ជាតិខ្មែរ មកបើកសវនាការ។
នៅក្នុងអង្គសវនាការ ជនជាប់ចោទរូបនោះឈ្មោះ ស៊ិន ដាវុធ ភេទប្រុស អាយុ៤៦ ឆ្នាំ មានទីលំនៅផ្ទះលេខB១០ ផ្លូវលំ ភូមិបឹងឈូក ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ជានាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន ហ្គោលវែល បានសារភាពថា៖ ខ្លួនពិតជាបានទទួលយកប្រាក់ពីដើមបណ្ដឹងមែន ប៉ុន្តែចំនួនតែ៦០ម៉ឺនដុល្លារប៉ុណ្ណោះមិនមែន ៧៦ម៉ឺនដូចគេចោទប្រកាន់ទេ ដើម្បីរត់ការចូលសញ្ជាតិអោយចិន៣នាក់ ហើយលុយនោះខ្លួនយកទៅពឹងគេបន្តអោយធ្វើកិច្ចការហើយតែមិនទាន់សម្រេច ក៏ត្រូវគេប្ដឹងតែម្ដង ។
ចំណែកដើមបណ្ដឹងរដ្ឋប្បវេណី បានទាមទារប្រាក់ដើមចំនួន៧៦ម៉ឺនដុល្លារ និងជំងឺចិត្តសរុប១លានដុល្លារ ។
ដោយឡែកលោក លិ សុខា ត្រូវចៅក្រមជំនុំជំរះ បានសម្រេចលើកយករឿងក្ដីនេះទៅប្រកាសសាលក្រមនៅថ្ងៃទី ១៦កក្ដដា ឆ្នាំ២០២១ខាងមុខ ។
គួររម្លឹកថា ពាក់ព័ន្ធក្នុងរឿងក្ដីនេះ បើតាមពាក្យបណ្តឹង បានបញ្ជាក់ថា កាលពីអំឡុងខែសីហា ឆ្នាំ២០១៩ ថៅកែចិនម្នាក់ជានាយកក្រុមហ៊ុន បានពឹងពាក់ឲ្យឈ្មោះ ស៊ិន ដាវុធ ដែលជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ហ្គោលវែល ឲ្យជួយរត់ការដាក់ពាក្យសុំចូលសញ្ជាតិខ្មែរ អោយជនជាតិចិន៣ នាក់ ក្នុងនោះមានប្រុស២ នាក់នឹងស្ត្រីម្នាក់ ជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននោះ។ បន្ទាប់មកឈ្មោះ ស៊ិន ដាវុធ បានតម្រូវឲ្យថៅកែចិន ប្រគល់ប្រាក់ចំនួន៧៦ម៉ឺនដុល្លារអាមេរិក មកឲ្យគេ (ស៊ិន ដាវុធ) ដើម្បីយកទៅរត់ការដាក់ពាក្យសុំចូលសញ្ជាតិខ្មែរនោះ ហើយបានសន្យាជាមួយគ្នាថា ក្នុងរយៈពេល៩០ថ្ងៃ ទើបចេញលទ្ធផល ។
ពេលនិយាយត្រូវរ៉ូវគ្នាហើយថៅកែចិនជា (នាយកក្រុមហ៊ុន) បានប្រគល់សែក១០ សន្លឹករបស់ធនាគារសហពាណិជ្ជ.ក.អ មានទឹកប្រាក់សុរបចំនួន៧៦ ម៉ឺនដុល្លារអាមេរិកឲ្យទៅឈ្មោះ ស៊ិន ដាវុធ ដើម្បីធ្វើកិច្ចការងារនេះ ។
លុះដល់ថ្ងៃកំណត់ស្រាប់តែមិនឃើញមានការកោះហៅ ពីស្ថាប័នពាក់ពន្ធ ដើម្បីទៅស្បថប្រកាសចូលសញ្ជាតិតាមបែបបទរដ្ឋបាលដែលធ្លាប់ធ្វើកន្លងមកនោះទេ ដោយសារតែមូលហេតុផលយ៉ាងដូច្នេះហើយ ទើបដើមបណ្តឹងបានទាក់ទងទៅឈ្មោះ ស៊ិន ដាវុធ តែជននេះបានគេចវេស នឹងមិនបានជួយចចារគ្នាដូចពេលទទួលយកប្រាក់នោះទេ ថែមទាំងព្យាមគេចខ្លួនទៀតផង ។
លុះដល់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២០ នាយកក្រុមហ៊ុនបានតាមរកឃើញឈ្មោះ ស៊ិន ដាវុធ ហើយពេលនោះឈ្មោះ ស៊ិន ដាវុធ បាននិយាយថា ខ្លួនមិនបានយកប្រាក់នោះទៅរត់ការចូលសញ្ជាតិខ្មែរទេ គឺយកទៅប្រើប្រាស់ការងារផ្ទាល់ខ្លួន តែឈ្មោះ ស៊ិន ដាវុធ បានសន្យាថានឹងសងប្រាក់នោះទាំងអស់វិញ ប៉ុន្តែរហូតមកដ ល់ថ្ងៃចាប់ខ្លួននេះគេមិនសងប្រាក់សោះ ហើយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង ឃាត់ខ្លួន ស៊ិន ដាវុធ យកទៅសាកសួរ តែជនសង្ស័យនៅមិនព្រមសងប្រាក់ទៅដើមបណ្តឹង ទើបសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ឃុំខ្លួនរហូតដល់ថ្ងៃកាត់ទោសនេះ៕ដោយ៖សហការី