លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប

ចែករំលែក៖

ខេត្ត​សៀមរាប៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមការងារអន្តរក្រសួង អង្គភាពសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស អាជ្ញាធរដែនដី មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគី ពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ដើម្បីជំរុញឱ្យ អង្គភាពសាងសង់ ក៏ដូចជាក្រុមការងារត្រួតពិនិត្យបច្ចេកទេស ទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាម បទដ្ឋានបច្ចេកទេស ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានគុណភាពផ្លូវរឹងមាំ អាចប្រើ ប្រាស់បានយូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិលើការសាងសង់ឡើងវិញ និងខាតបង់ពេលវេលា ផងដែរ។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ លាន ដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន សាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ ៧) នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹក ជញ្ជូន ខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន៩ក្រុមដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារឱ្យបានទាន់ ពេលវេលា។

ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ក) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើ កម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣៥,៨៧៦គីឡូម៉ែត្រ ខ) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC)ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប៩,៣៨៩ គីឡូម៉ែត្រ គ) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើ កម្រាស់៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប១០,៨៨០ គីឡូម៉ែត្រ ឃ) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប៥២,៥៩៦ គីឡូម៉ែត្រ។

ជាកិច្ចចាប់ផ្តើម លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអង្គភាព ស្ថាបនាទាំងអស់ ដែលបានខិតខំប្រឹងប្រែងស្ថាបនាផ្លូវ៣៨ខ្សែនេះ តាមផែនការដែលបានគ្រោងទុក ទោះបីជាជួបប្រឈមដោយសារវិបត្តិជំងឺកូវីដ-១៩ក៏ដោយ។

ទាក់ទងនឹងបញ្ហាបច្ចេកទេសនៃការសាងសង់ លោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យអង្គភាពសាងសង់ និងក្រុមការងារត្រួតពិនិត្យបច្ចេកទេស កែសម្រួលចិញ្ចើមផ្លូវ បង្កើនសោភ័ណភាព កែសម្រួលការបង្ហាប់ដី ពិនិត្យឡើងវិញច្រាំងស្ទឹងសៀមរាបប៉ែកខាងលិច និងបានបន្ថែមថា៖ ត្រូវធ្វើផ្លូវឱ្យស្របតាមស្តង់ដារ បច្ចេកទេសដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ និងរៀបចំ សណ្តាប់ធ្នាប់ និងសុវត្ថិភាពឱ្យបានត្រឹមត្រូវ កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍លើការដ្ឋាន ជាពិសេសជួយស្រោចទឹកឱ្យបានទៀងទាត់ ដើម្បីកាត់បន្ថយ ផលប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ។

ជាងនេះទៅទៀត លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ បានជំរុញឱ្យអង្គភាពសាងសង់ យកស្មារតីខ្ពស់ធ្វើការងារឱ្យមាន គុណភាពល្អ មានសោភ័ណភាពល្អ មានឆន្ទៈម៉ឺងម៉ាត់ ធ្វើឱ្យបានល្អ ធ្វើកុំឱ្យបរទេសមើលងាយ ធ្វើឱ្យ ប្រជាពលរដ្ឋសប្បាយចិត្ត ផ្តល់សេចក្តីទុកចិត្ត និងការគាំទ្រដល់រាជរដ្ឋាភិបាល ប្រែក្លាយតំបន់នេះឱ្យក្លាយ ជាទីក្រុងទេសចរណ៍ទំនើប ដើម្បីមុខមាត់ប្រទេសជាតិយើង និងបានទទួចសុំឱ្យអង្គភាពសាងសង់ធ្វើម្ដង ធ្វើឱ្យចប់ កុំបាច់ឱ្យគេត្រួតពិនិត្យនិងកែសម្រួលឡើងវិញដោយត្រូវចំណាយលុយអស់ច្រើនជាងលើកទី១ កុំចង់ចំណេញបន្តិចបន្តួច ពីព្រោះនៅពេលគេធ្វើសវនកម្មរកឃើញកំហុសបច្ចេកទេស តម្រូវឱ្យធ្វើឡើងវិញ ខាតទាំងចុងខាងទាំងដើម និងបានសំណូមពរឱ្យអង្គភាពសាងសង់លើកឡើងនូវបញ្ហាដែលខ្លួនមានដើម្បីរួមគ្នាដោះស្រាយ។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារត្រួតពិនិត្យបច្ចេកទេស ត្រូវពង្រឹង ការអនុវត្តរបស់ខ្លួនដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្តតាមស្តង់ដារបច្ចេកទេស ត្រួតពិនិត្យបច្ចេកទេសឱ្យ បានត្រឹមត្រូវ និងអនុវត្តកាតព្វកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ រួបរួមគ្នាខិតខំប្រឹងប្រែង បំពេញការងារឱ្យបានល្អប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ មានឆន្ទៈខ្មាស់ខ្លួនឯងនៅពេលធ្វើការមិនបាន ជោគជ័យ មិនចាំបាច់ឱ្យគេដាស់តឿនថាយើងធ្វើមិនកើតនោះទេ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ស៊ុន ចាន់ថុល​ បានជម្រាបជូនផងដែរអំពីព្រឹត្តិការណ៍ធំៗចំនួនពីរ ដែលនឹងប្រព្រឹត្តទៅទីក្រុងសៀមរាប ទឹកដីអង្គរ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ដោយព្រឹត្តិការ ទាំងពីរនោះរួមមាន៖ការត្រៀមបើកឱ្យមានទេសចរណ៍ចូលមកទស្សនាប្រាសាទអង្គរវត្ត សៀមរាប ឡើងវិញ និងការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានជាមួយចិន កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានជាមួយជប៉ុន និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានជាមួយកូរ៉េ ដែល កម្ពុជាគឺម្ចាស់ផ្ទះ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print