ខេត្តបន្ទាយមានជ័យ÷នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់ គោលដៅធ្វើចត្តាឡីស័កប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យោធភូមិភាគទី៥ អមដំណើរដោយលោកមេបញ្ជាការទិសទី១ បន្ទាយមានជ័យ លោកស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យ គោលដៅត្រួតពិនិត្យតាមដងផ្លូវ ការនាំពលករលួចឆ្លងដែនខុសច្បាប់ ទីតាំងបិទខ្ទប់ជំងឺកូវីដ-១៩ និងចូលរួមផ្សព្វផ្សាយវិធានការបំរាមគោចរ របស់រដ្ឋបាលខេត្ត និងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ក្រោយពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅទីតាំងថ្មី ក្នុងក្រុងសិរីសោភ័ណ ជាបន្តបន្ទាប់ កងកម្លាំងយោធាទិសទី១ យោធភូមិភាគទី៥ និងកងកម្លាំងចម្រុះ បានចុះអនុវត្តបិតខ្ទប់ និងទប់ស្កាត់ការឆ្លងរីករាលដាល ចូលសហគមន៍ និងទៅតំបន់ផ្សេងទៀត តាមបទបញ្ជា របស់លោកអភិបាលខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានគូសបញ្ជាក់ថា ក្រុងសិរីសោភ័ណ គឺជាក្រុងទី២ ដែលមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ គួរអោយព្រួយបារម្ភ បន្ទាប់ពីក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ដោយរយ:ពេលចុងក្រោយនេះ អត្រានៃអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងក្រុងប៉ោយប៉ែតមានការថយចុះ ប៉ុន្តែមានការកើនឡើងជាបន្តបន្ទាប់នៅក្នុងក្រុងសិរីសោភ័ណ ដែលតម្រូវឲ្យអាជ្ញាធរ និងកងកម្លាំងចម្រុះចុះអនុវត្តវិធានទប់ស្កាត់ និងកាត់ផ្តាច់អោយបានទាន់ពេលវេលា។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំ បំពេញភារកិច្ចទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់ រួមដៃគ្នាដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ ក្នុងកាលៈទេសៈដ៏លំបាកនេះ។ ជាពិសេសសូមមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបំពេញប្រតិបត្តិការ អនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាល កុំអោយមានឆ្លងមកខ្លួនយើង ក្រុមគ្រួសារ អង្គភាពឬស្ថាប័ន ដែលធ្វើឲ្យប៉ះពាល់ បេសកកម្មប្រតិបត្តិការទប់ស្កាត់មេរោគដ៏កាចសាហាវនេះ៕
ដោយ៖ សូរិយា