មន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៅកូរ៉េខាងជើង ត្រូវដកតំណែងដោយសារតែធ្វេសប្រហែសនៅក្នុងការទប់ស្កាត់កូវីដ-១៩ បង្កការគំរាមកំហែងដល់ពលរដ្ឋនិងប្រទេសកូរ៉េខាងជើង។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃទី ៣០ខែមិថុនាថា មេដឹកនាំគីម ជុងអ៊ុនបានដឹកនាំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ក្នុងគណបក្សពលករដើម្បីដោះស្រាយបញ្ហាមន្ត្រីជាន់ខ្ពស់មួយរូបដែលព្រងើយកន្តើយចំពោះការងារទប់ស្កាត់កូវីដ-១៩ ។
លោកគីម ជុងអ៊ុនបញ្ជាក់ថា ការធ្វេសប្រហែសបង្កឲ្យមានវិបត្តិទ្រង់ទ្រាយធំនៅក្នុងប្រទេសកូរ៉េខាងជើង គឺគំរាមកំហែងដល់សុវត្ថិភាពពលរដ្ឋ ដោយសារតែវិធានការចាំបាច់ដើម្បីទប់ស្កាត់កូវីដ-១៩ មិនបានអនុវត្តតឹងតែង។
សារព័ត៌មាន KCNA បានផ្សាយថា «ដោយសារតែបោះបង់ការសម្រេចដ៏សំខាន់របស់បក្សក្នុងសង្រ្គាមប្រឆាំងកូវីដ-១៩ មន្ត្រីដែលមិនអនុវត្តច្បាប់តឹងតែង បង្កឲ្យមានវិបត្តិយ៉ាងធ្ងន់ដល់ប្រទេសជាតិ»។
ប៉ុន្តែសារព័ត៌មានកូរ៉េខាងជើង មិនបានបញ្ជាក់ពីផលប៉ះពាល់ដល់កម្រិតណា ក៏ដូចជាការប្រែប្រួលនៃស្ថានភាព និងគ្រោះថ្នាក់ដោយសារកូវីដ-១៩នោះឡើយ ។ មកទល់ពេលនេះ កូរ៉េខាងជើង មិនទាន់មានរបាយការណ៍ស្តីពីការឆ្លងកូវីដ-១៩ម្នាក់ណាឡើយ៕ដោយ៖ធីរីណា
មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន។