ភ្នំពេញ៖ រដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ សហការជាមួយលោក ទូច សុទ្ធមុត តំណាងក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក ជួន វុឌ្ឍី ប្រធានមន្ទីរការងារ នៅវេលាម៉ោង ២ និង៣០ នាទីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារបច្ចេកទេសចម្រុះចុះមកពិនិត្យ និងវាយតម្លៃ រោងចក្រ ជេអេច(JH) មានទីតាំងស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមសេចក្តីណែនាំរួម លេខ០៤៥/២១ កប/ស.ណ.ខ.ល ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីលក្ខណៈវិនិច្ឆ័យក្នុងការផ្អាក និងបើកឡើងវិញ នូវសកម្មភាពអាជីវកម្ម ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងវិធានការចាំបាច់ពេលបើកដំណើរការឡើងវិញ ។
ក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់ថា រោងចក្រ ជេអេច(JH) មានទីតាំងស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានកម្មករ សរុប ចំនួន ៩៦៤ នាក់ ស្រី ៧៤១ នាក់ បរទេស ១៣ នាក់ ស្រី ០៧ នាក់ ក្នុងនោះដែរ រកឃើញអ្នកវិជ្ជមាន មេរោគ កូវីដ-១៩ ចំនួន ២៣៧ នាក់ / ៩៦៤ នាក់ នៃកម្មករសរុប ។
ក្រោយពីការពិនិត្យ និងវាយតម្លៃ ក្នុងការទប់ស្កាត់កុំឱ្យរាលដាលក្នុង ខណ្ឌមានជ័យ មន្រ្តីតំណាងក្រសួងការងារ សម្រេចផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម នូវចង្វាក់ផលិតកម្ម រយៈពេលពីរសប្តាហ៍(១៤ថ្ងៃ) គឺចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២១ ជាបណ្តោះអាសន្ន ។
បន្ទាប់មកលោក ឌី រ័ត្នខេមរុណ អំពាវនាវដល់កម្មករ កម្មការនី ដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានមេរោគកូវីដ-១៩ ទាំងអស់ ត្រូវនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ និងបន្តអនុវត្ត នូវវិធានការ សុខាភិបាល និង វិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល អោយបានខ្ជាប់ខ្ជួន៕ដោយ៖សហការី