ខេត្តបាត់ដំបង ៖បើ យោងតាមរបាយការណ៍របស់ស្នងការនគនគរបាលខេត្តបានបញ្ចក់ឲ្យដឹងថា មន្ត្រីនគរបាលនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលចំនួន០២នាក់ ត្រូវបានក្រុមគ្រួពេទ្យធ្វើតេស្ដរហ័ស កាលពីថ្ងៃទី២៩ មិថុនា ដោយរកឃើញមាន«វិជ្ជមានកូវីដ១៩» ព្រមទាំងមន្ត្រីចំនួន២៩នាក់ទៀត បានជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលផងដែរ។
នៅក្នុងរបាយការណ៍ដែលគោរពជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៏ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត បានរាយការណ៏ថា មន្ត្រីនគរបាលចំនួន០២នាក់ នៅក្នុងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ត្រូវបានរកឃើញឆ្លង«កូវីដ ១៩» និង មន្ត្រីពាក់ព័ន្ធចំនួន២៩នាក់ ក្នុងនោះមានចំនួន១៣នាក់ពាក់ព័ន្ធផ្ទាល់ ។
ក្នុងរបាយការណ៍ដដែលបានឲ្យដឹងថា មន្ត្រី០២នាក់ដែលមានវិជ្ជមានកូវីដ១៩នោះ គឺលោក អនុសេនីយ៍ទោ នូ ចន្ថា និង លោក ព្រិន្ទបាលទោ ហេង និរិន។
លោកសាត គឹមសាន បានបញ្ជាក់ថា មន្ត្រីដែលឆ្លងកូវីដ១៩ចំនួន០២នាក់ និង មន្ត្រីដែលពាក់ព័ន្ធទាំង២៩នាក់ នេះត្រូវបានធ្វើតេស្ដរហ័ស កាលពីថ្ងៃទី២៩ មិថុនា ហើយពេលនោះមន្ត្រីមានវិជ្ជមានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។ រីឯមន្ត្រីពាក់ព័ន្ធ បានដាក់ឲ្យចត្តាឡីស័ក នៅក្នុងបន្ទប់សម្រាកប្រចាំការ របស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តតែម្តង។
ពាក់ព័ន្ធនឹងមន្ត្រី០២នាក់ ខាងលើដែលរកឃើញមានផ្ទុក«កូវីដ ១៩» នេះ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ឈឿង គឹមសុង បានឲ្យដឹងដែរថា លោកមិនទាន់បានដឹងអំពីប្រវត្តិ នៃការឆ្លងកូវីដ១៩ មកដល់មន្ត្រីរបស់លោក០២នាក់នេះទេ។ ប៉ុន្តែលោកបាបាដាក់ការសង្ស័យទៅលើកិច្ចប្រតិបត្តិបង្ក្រាបបទល្មើសមួយករណី កាលពីជាង១០ថ្ងៃមុន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ឈឿង គឹមសុង បានរំលឹកថា លោកបានដឹកនាំកម្លាំងរបស់លោកមួយក្រុមចុះអនុវត្តដីកាចាប់ខ្លួនជនសង្ស័យមួយករណី នៅក្រុងប៉ោយប៉ែត កាលពីជាង១០ថ្ងៃមុន ដែលមានកិច្ចសហការពីកម្លាំងសមត្ថកិច្ចដែនដីផង។ ដូច្នេះលោកសង្ស័យមន្ត្រីរបស់លោក អាចឆ្លងកូវីដតាំងពីពេលនោះមក តែទើបធ្វើតេស្ដរកឃើញវិជ្ជមាន នៅពេលនេះ។ ប៉ុន្តែយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានបឋមតែប៉ុណ្ណោះ៕
ដោយ៖ អរុណរះ