ខេត្តបន្ទាយមានជ័យ, យោងតាមប្រភពពី៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា, បនលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវី១៩ នាថ្ងៃទី១ខែកក្កដាឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យ បើកដំណើរការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃនិងកម្មករ កម្មការិនី ប្រមាណ៦០០០០នាក់ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ទីតាំងក៏ដូចជាគោលដៅ ដែលរដ្ឋបាលខេត្ត បានរៀបចំជូននោះមាន ៩គោលដៅ រួមមាន៖១.ស្ថានីយរថភ្លើង ២ក្រុម, ២.មណ្ឌលសំចត ២ក្រុម, ៣.វត្តផ្សារកណ្តាល ២ ក្រុម, ៤.វត្តរស្មីទួលពង្រ ២ ក្រុម, ៥.សាលារៀនបឋមសិក្សាស្រះត្រាច និមិត្ត២ ក្រុម, ៦.វត្តនិមិត្តសុធីរាមកូនដំរី ១ ក្រុម, ៧.វត្តត្រាច ២ ក្រុម,
៨.សាលាបឋមសិក្សាអូរឬស្សី ២ ក្រុម, ៩.ទល់មុខសាលាក្រុង ១ ក្រុម។
ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្មករ កម្មការិនីទាំងអស់ថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនយើងនាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។
ក្នុងនាមរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន ។
ក្នុងនាមអាជ្ញាធរខេត្ត លោកបានដាក់ចេញនូវផែនការលម្អិត ដោយចាត់ក្រុមគ្រូពេទ្យ កម្លាំងនិងក្រុមការងារយុវជន ដើម្បីចាត់ចែងទទួលរៀបចំ ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្មករ កម្មការិនី ឱ្យមានសណ្តាប់ធ្នាប់ ស្របតាមវិធានការណ៍ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ និងអាចជួយពន្លឿន ដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន និងបានជ្រាបចូលក្នុងខ្លួនប្រជាពលរដ្ឋ បានឆាប់រហ័ស៕
ដោយ, សិលា