ភ្នំពេញ៖ អស់រយៈពេលជាង៣ខែហើយដែលតារាចម្រៀងស្រី វី ឌីណែត ខកខានក្នុងការបង្ហាញមុខក្នុងកម្មវិធីប្រគំតន្ត្រីក្រោយពីនាងនិងគ្រួសារជួបរឿងរ៉ាវជីវិតធំមួយគឺនាង និងសមាជិកគ្រួសារមួយចំនួនត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩។ កាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើលគឺក្រោយពីម្តាយបង្កើតរបស់នាងបានទទួលមរភាពនោះ។
រំលឹកពីម្តាយដែលទទួលមរណភាពពេលណា គឺធ្វើឲ្យតារាចម្រៀងស្រីវ័យក្មេង វី ឌីណែតរំជួលចិត្តអាណិតស្រណោះម្តាយជាខ្លាំងរហូតទឹកភ្នែករបស់នាងនៅតែស្រក់ចុះ បើទោះបីជាការបាត់បង់ម្តាយជាទីគោរពស្រលាញ់កើតមានឡើងរយៈពេលជាង៣ខែកន្លងមកហើយក៏ដោយ។ ទឹកភ្នែករបស់នាងរមៀលធ្លាក់ជាថ្មីក្រោយពីតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបង្ហាញវត្តមានក្នុងនាមជាវាគ្មិនក្នុងកម្មវិធីសន្និសីទសារព័ត៌មានតាមបណ្តាញសង្គមក្រោមប្រធានបទ៖ «ការអំពាវនាវដល់ការចាត់វិធានការដើម្បីវ៉ាក់សាំងពិភពលោក»។ កម្មវិធីនេះនឹងត្រូវរៀបចំធ្វើឡើងដោយអង្គការ អេអេចអេហ្វ កម្ពុជា ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។
កញ្ញា វី ឌីណែត រំលឹកអំពីស្ថានភាពមុន និងក្រោយពេលដែលក្រុមគ្រួសារនាងជួបប្រឈមនឹងការរកឃើញវិជ្ជមានជំងឺកូវីដ១៩ រហូតម្តាយជាទីស្រលាញ់របស់នាងទទួលមរណភាពទាំងមិននឹកស្មានដល់ និងមិនបានលាគ្នាសូម្បីតែមួយម៉ាត់នោះ។ តារាចម្រៀងរូបនេះបានលើកឡើងថា បញ្ហាជំងឺកូវីដជាបញ្ហាប្រឈមសម្រាប់មនុស្សទូទាំងពិភពលោក ហើយនាងមិននឹកស្មានថារឿងដ៏សោកសៅនេះបានធ្លាក់មកលើគ្រួសារនាង។ នាងថារយៈពេលយូរហើយក្តីប៉ុន្តែនាងនៅមិនទាន់អាចធ្វើចិត្តបានដូចដើមវិញនៅឡើយ ហើយការងារសិល្បៈក៏នាងនៅមិនទាន់អាចធ្វើបានដូចមុន។ នាងថាទាំងការច្រៀងក៏លែងដូចមុន អាចមកពីមុននេះនាងបាក់ទឹកចិត្តខ ហើ។ នាងក៏ទទួលបានការលើកទឹកចិត្តច្រើនពីក្រុមគ្រួសារ និងអ្នកគាំទ្រ ទើបពេលនេះនាងក៏បានបន្តហ្វឹកហាត់ការងារសិល្បៈឡើងវិញខ្លះទាំងការច្រៀង រាំ បើទោះបីជាមិនទាន់ល្អដូចមុនក៏ដោយ។ នាងលើកឡើងដែរថា អាចនឹងចំណាយពេលវេលាចាប់ពី១ខែទៅ២ខែទៀតទើបសម្រេចចិត្តទទួលយកការងារសិល្បៈជាថ្មី។ នេះក៏ជាសារបញ្ជាក់ទៅកាន់ទស្សនិកជនឲ្យបន្តប្រុងប្រយ័ត្នជាប់ជានិច្ចស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងស្នើឲ្យប្រជាពលរដ្ឋកុំធ្វេសប្រហែស កុំជឿទុកចិត្តគ្នាថាគ្មានជំងឺនេះដោយមើលត្រឹមតែភ្នែកទទេ ព្រោះតែការទ្វេសប្រហែសនឹងធ្វើឲ្យយើងអាចឆ្លងជំងឺមួយនេះ និងបន្តចម្លងទៅកាន់មនុស្សជាទីស្រលាញ់ ដែលធ្វើឲ្យយើងបាត់បង់ទាំងការងារ ប្រាក់ចំណូល សុខភាព និងមនុស្សជាទីស្រលាញ់។
គួរបញ្ជាក់ដែរថា តារាចម្រៀង វី ឌីណែត ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ម្តាយនាងក៏ត្រូវបានរកឃើញវិជ្ជមានជំងឺនេះ១ថ្ងៃបន្ទាប់ពីនាង និងបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១កន្លងទៅ។ ប្អូនស្រីពៅរបស់នាងក៏ត្រូវបានរកឃើញវិជ្ជមានជំងឺដ៏កាចសាហាវមួយនេះកាលពីថ្ងៃទី១៧ ខែមីនាខណៈ បងស្រីបង្កើតរបស់នាងដែលមានផ្ទៃពោះជាង៧ខែនោះក៏ត្រូវបានរកឃើញវិជ្ជមានជំងឺនេះនៅថ្ងៃទី២២ ខែមីនា ហើយពេលនេះអ្នកទាំងអស់គ្នាបានជាសះស្បើយហើយគឺមានតែម្តាយនាងតែប៉ុណ្ណោះដែលមិនបានវិលត្រឡប់មកផ្ទះវិញបានដូចសមាជិកគ្រួសារផ្សេងទៀត៕