រដ្ឋមន្ត្រីក្រសួងកសិកម្ម៖​ នៅឆមាសទី១ ក្នុង​ឆ្នាំ​២០២១នេះ​ ការនាំចេញកៅស៊ូមានតម្លៃ ២២២លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ បើ​យោង​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ លោក វេង សាខុន បានថ្លែង​ឱ្យ​ដឹង​ថាការនាំចេញកៅស៊ូមានតម្លៃសរុបជាង ២២២លានដុល្លារ។

លោក វេង សាខុន បានថ្លែង​បន្តថា​ ក្នុង​រយៈពេល៦ខែ​ ពីខែមករាដល់មិថុនា ឆ្នាំ២០២១នេះ​ ចំណូលសរុបសម្រេចបានចំនួន ២២២.៤៣២.៧៦២,៩៣ ដុល្លារ ។

បន្ថែមពីនេះ​ លោករដ្ឋមន្ត្រី​ បានបញ្ជាក់បន្ថែមថា​ ចំនួននេះបែងចែកជា២ គឺចំណូលពីជ័រកៅស៊ូ មាន ២២១.៦៧៥.៧៧០,០៩ដុលា្លរ និងចំណូលពីឈើកៅស៊ូ ៧៥៦.៩៩២,៨៤ដុលា្លរ។

សូមជម្រាបថា​ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ​ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី០១​ ខែកក្កដា​ ឆ្នាំ​២០២១ម្សិលមិញនេះ​ បានផ្ដល់នូវរបាយការណ៍អំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍន៍វិស័យដំណាំកសិឧស្សាហកម្មគឺកៅស៊ូនៅកម្ពុជាក្នុងរយៈពេល ៦ខែកន្លងទៅ។ គិតត្រឹម​ខែមករា​កន្លងទៅ​នេះ​ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤.១៦០ ហិកតា ដែលក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ២៩២.៥០០ ហិកតា ស្មើនឹង៧២% និងផ្ទៃដីថែទាំមានចំនួន ១១១.៦៦០ ហិកតា ស្មើនឹង ២៨%។

លោករដ្ឋមន្ត្រី​ បន្តទៀតថា ផលិតផលជ័រកៅស៊ូសម្រេចបានប្រចាំខែមិថុនា ឆ្នាំ២០២១ មានចំនួន ៣០.៦០០តោន បានកើនឡើងចំនួន ៤.៥៥២តោន ស្មើនឹង១៧,៤៧%ធៀបនឹងខែមុន និងបានកើនឡើងចំនួន២.៤៣៧តោន ស្មើនឹង៨,៦៥%ធៀបនឹងខែមិថុនាដូចគ្នាក្នុងឆ្នាំ២០២០។ លោកបន្តថា ផលិតផលជ័រកៅស៊ូសរុបរយៈពេល៦ខែ ឆ្នាំ២០២១ សម្រេចបានចំនួន ១៣៣.៣៦៧ តោន បានកើនឡើងចំនួន ៧.២៧៨តោន ស្មើនឹង៥,៧៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។

បន្ថែមពីនេះ​ លោកថា ផលិតផលឈើកៅស៊ូសម្រេចបានប្រចាំខែមិថុនា ឆ្នាំ២០២១ មានចំនួន ៤៨៥,៣ មមានការកើនឡើង ១៨៩.៣ មស្មើនឹង ៦៣.៨៥% ធៀបនឹងខែមុន។ផលិតផលឈើកៅស៊ូសរុបរយៈពេល៦ខែ ឆ្នាំ២០២១ សម្រេចបានចំនួន៤.៣១៩ ម៉ែត្រគូប។

លោករដ្ឋមន្ត្រី​ បានបញ្ជាក់បន្ថែមថា​ បរិមាណបញ្ចេញលក់ជ័រកៅស៊ូសម្រេចបានក្នុងខែមិថុនា ឆ្នាំ២០២១ មានចំនួន ២៩.៧០០តោន បានកើនឡើងចំនួន៤.៣៩៧តោន ស្មើនឹង១៧,៣៨%ធៀបនឹងខែមុន និងកើនឡើងចំនួន ៣.៦៨០តោន ស្មើនឹង១៤,១៤% ធៀបនឹងខែមិថុនាដូចគ្នាក្នុងឆ្នាំ២០២០។ បរិមាណបញ្ចេញលក់ជ័រកៅស៊ូសរុបរយៈពេល៦ខែ ឆ្នាំ២០២១ សម្រេចបានចំនួន ១៣២.១៧៤តោន បានកើនឡើងចំនួន ៨.៨៥៩តោន ស្មើនឹង៧,១៨%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០។

លោករដ្ឋមន្ត្រីរូបនេះ​ បានបន្ថែមថា បរិមាណបញ្ចេញលក់ឈើកៅស៊ូសម្រេចបានក្នុងខែមិថុនា មានចំនួន៤៨៥ម៣ មានការកើនឡើង ១៨៩ម ស្មើនឹង ៦៣.៨៥% ធៀបនឹងខែមុន។​ បរិមាណបញ្ចេញលក់ឈើកៅស៊ូសរុបរយៈពេល៦ខែ សម្រេចបានចំនួន ៣.៦៦៣ម៣។ តម្លៃជ័រកៅស៊ូ និងឈើកៅស៊ូ។ តម្លៃលក់ជ័រកៅស៊ូមធ្យមក្នុងខែមិថុនា ថ្លៃ១.៦៨៥ដុល្លារ/តោន បានថយចុះចំនួន១៥ដុល្លារ/តោន ស្មើនឹង០.៨៦%ធៀបនឹងខែមុន និងបានកើនឡើងចំនួន៤១៩ដុល្លារ/តោន ស្មើនឹង៣៣,០៥%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។តម្លៃលក់ជ័រកៅស៊ូមធ្យមសរុបរយៈពេល៦ខែ ថ្លៃ១.៦៧៧ដុល្លារ/តោន បានកើនឡើងចំនួន៣៧៤ដុល្លារ/តោន ស្មើនឹង២៨,៧២%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ តម្លៃលក់ឈើកៅស៊ូមធ្យមក្នុងខែមិថុនា មានតម្លៃ ២៦៥ដុល្លា/ម៣ កើនឡើង ១០៥ដុល្លា/ម៣ ស្មើគ្នានឹង៦៥,៦២% ធៀបនឹងខែមុន។ តម្លៃជ័រកៅស៊ូគ្រួសារនៅនឹងចម្ការ គឺទឹកជ័រ (DRC ១០០%)) ថ្លៃ៥.៨៥០ – ៦.៥០០៛/គ.ក្រ (បានកើនឡើងចំនួន២០៩៛/គ.ក្រ ធៀបនឹងខែមុន) និងជ័រកក (DRC ៥០%) ថ្លៃ ២.៥០០ – ៣ ៣០០៛/គ.ក្រ កើនឡើងចំនួន១៦៩៛/គ.ក្រ ធៀបនឹងខែមុន) អាស្រ័យតាមតំបន់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print