លោក ថង សាវុន អញ្ជើញចុះពិនិត្យស្ថានភាពតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្ដក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី៖ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មការទប់ស្កាត់ជំងឺកូវីដ-១៩ខេត្ត អមដំណើរដោយ អភិបាលរងខេត្ត អភិបាលក្រុង និងចៅសង្កាត់ចុះពិនិត្យស្ថានភាពតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្ដក្រុងបានលុង ខេត្តរតនគិរី។
ការចុះពិនិត្យស្ថានភាពតំបន់បិទខ្ទប់នោះគឺនៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ហើយលោកអភិបាលខេត្តបានធ្វើការកោតសរសើរដល់កម្លាំងគណៈបញ្ជាការឯកភាពក្រុងទាំងអស់ដែលបានសហការគ្នាបានល្អក្នុងការបិទខ្ទប់តំបន់នេះបានទាន់ពេលវេលា ដើម្បីកាត់បន្ថយ និងកាត់ផ្ដាច់ការចម្លងកុំឱ្យរីករាលដាលកាន់តែច្រើនថែមទៀត។
លោកថង សាវុនក៏បានមានប្រសាសន៍ផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ទាំងអស់ត្រូវយកចិត្តទុកដាក់ តាមដានសុខភាព បរិភោគឱ្យបានគ្រប់គ្រាន់ ហើយសូមបន្ដអនុវត្តវិធានការ ៣ការពារ ៣កុំ រួមមានលាងដៃ ពាក់ម៉ាស់ រក្សាគម្លាតឱ្យបានត្រឹមត្រូវ បើមិនមានភារកិច្ចចាំបាច់កុំចេញក្រៅផ្ទះ។

នៅក្នុងតំបន់មួយចំនួននៃខេត្តរតនគិរីត្រូវបានបិទជាបណ្ដោះអាសន្ន និងអនុវត្តវិធានការ ដោយកំណត់ជាតំបន់លឿងទុំ និងតំបន់លឿង ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដែលក្នុងនោះតំបន់លឿងទុំមាន៖
១-សង្កាត់ឡាបានសៀក៖ ផ្សារបានលុង ផ្នែកខ្លះនៃភូមិថ្មី ភូមិអូររមៀត ភូមិអភិវឌ្ឍន៍ និងភូមិជ័យជម្នះ។
២-សង្កាត់យក្ខឡោម៖ ផ្នែកខ្លះនៃភូមិជ្រី
៣-សង្កាត់កាចាញ៖ ផ្នែកខ្លះនៃភូមិ៤។
ចំណែកតំបន់លឿងរួមមាន៖
១-សង្កាត់ឡាបានសៀក៖ ផ្នែកខ្លះនៃភូមិថ្មី ភូមិអូររមៀត និងភូមិជ័យជម្នះ។
២-សង្កាត់យក្ខឡោម៖ ផ្នែកខ្លះនៃភូមិឡាប៉ូ។
៣-សង្កាត់កាចាញ៖ ផ្នែកខ្លះនៃភូមិ៤
៤-សង្កាត់បឹងកន្សែង៖ ផ្នែកខ្លះនៃភូមិទេសអន្លុង ភុមិអូរកន្ដិល និងភូមិអូរកន្សែង។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្តក៏បានអញ្ជើញត្រួតពិនិត្យ ទីតាំងដាក់ឱ្យអាជីវករលក់ដូរជាបណ្ដោះអាសន្ន នៅទីតាំងមុខមន្ទីរវប្បធម៌ខេត្តរតនគិរីផងដែរ។
នៅទីនោះលោកក៏បានផ្ដាំផ្ញើដល់អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់បន្ដពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតឱ្យបានត្រឹមត្រូវ ដើម្បីយើងទាំងអស់គ្នាឆាប់រួចផុតពីស្ថានការណ៍ដ៏លំបាកនេះ៕

...

ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print