យន្តហោះចម្បាំង F-១៦ជ្រុលទៅបុកចំផ្ទះពលរដ្ឋនៅប្រទេសហុល្លង់ អាកាសយានិករួចផុតពីក្តីស្លាប់
យន្តហោះចម្បាំង F-16 របស់ប្រទេសបែលហ្សុិក បានជ្រុលទៅបុកចំផ្ទះពលរដ្ឋ ស្ថិតនៅជិតទីតាំងទាហានអាកាសប្រទេសហុល្លង់ ក្នុងពេលត្រៀមលក្ខណៈហោះហើរនៅក្នុងការធ្វើសមយុទ្ធជាមួយអង្គការណាតូ ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបណ្តាលឲ្យមនុស្ស២នាក់រងរបួសស្រាល ចំណែកអាកាសយានិកបានបាញ់ឆត្រយោងចេញក្រៅទាន់។
យន្តហោះចម្បាំង F16 របស់បែលហ្ស៊ិកបើកបរនៅលើផ្លូវត្រៀមហោះហើរក៏បាត់បង់ការគ្រប់គ្រងរេពេញផ្លូវ ហើយជ្រុលទៅបុកផ្ទះពលរដ្ឋ ស្ថិតនៅក្នុងស្រុក Leeuwarden ក្នុងប្រទេសហុល្លង់។ អាកាសយានិកបានបាញ់ឆត្រយោងលោតចេញក្រៅដោយសុវត្ថិភាពគ្រាន់តែរបួសស្រាលប៉ុណ្ណោះ ។ ហេតុការណ៍គ្រោះថ្នាក់នោះ មិនបង្កឲ្យមានការឆាបឆេះនោះឡើយ។ ចំពោះមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ សមត្ថកិច្ចជំនាញកំពុងតែបើកការស្រាវជ្រាវ ។ យន្តហោះចម្បាំង របស់បែលហ្សុិកហោះហើរចេញពីទីតាំងទាហានអាកាស Leeuwarden ឆ្ពោះទៅកាន់ទីតាំងទាហានអាកាសនៅស្រុក Volkel ប្រទេសហុល្លង់ មានចម្ងាយ១៩៣គីឡូម៉ែត្រ។ យន្តហោះចម្បាំង F-16 ជាប្រភេទយន្តហោះពេញនិយមប្រើប្រាស់នៅក្នុងតំបន់អឺរ៉ុបនិងជុំវិញពិភពលោក ផលិតដោយក្រុមហ៊ុន General Dynamics និង Lockheed Martin។ យន្តហោះចម្បាំងនេះផលិតនៅក្នុងឆ្នាំ១៩៧៤៕ ដោយ៖ សាធី
រូបភាព៖Belgian Defense News