អាជ្ញាធរអាមេរិក៖​ ក្រោយរកឃើញថា អាគារខុនដូមួយកន្លែង នៅរដ្ឋ Florida មិនមានសុវត្ថិភាព​ ក៏សម្រេច​ជម្លៀសមនុស្សរាប់រយនាក់ ចេញពីអគារនោះ

ចែករំលែក៖

អន្តរជាតិ​៖ អាជ្ញាធរអាមេរិក​ នៅថ្ងៃសុក្រទី​០២​ ខែកក្កដា​ ឆ្នាំ​២០២១​បានចេញបញ្ជាឲ្យជម្លៀស មនុស្សទាំងអស់ដែលស្នាក់នៅក្នុងអគារខុនដូមួយកន្លែងឈ្មោះ Crestview Towers នៅរដ្ឋ Florida ក្រោយកំណត់ថា សំណង់អគារនោះមិនមានសុវត្ថិភាព ខណៈចំនួនជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងករណីលំអគារខុនដូមួយកន្លែងទៀត នៅរដ្ឋ Florida ដដែល បានកើនដល់២២នាក់។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃសៅរ៍ទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ។

ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយបន្ថែមថា​ ជាក់ស្ដែង​អ្នកដែលស្នាក់នៅក្នុងអគារខុនដូ Crestview Towers ក្នុងរដ្ឋ Florida មានច្រើនជាង៣០០នាក់ ត្រូវបានអាជ្ញាធរបង្គាប់ឲ្យជម្លៀសខ្លួនចេញភ្លាមៗ ក្រោយក្រុមវិស្វករបានរកឃើញ មានបញ្ហាធ្ងន់ធ្ងរពាក់ព័ន្ធនឹងគុណភាពស៉ីម៉ង់ ព្រមទាំងបណ្តាញអគ្គិសនីរបស់អគារនោះ។

សូម​ជម្រាបថា​ ចំពោះ​ការចេញបញ្ជានេះ ត្រូវបានចាត់ទុកជារឿងចាំបាច់បន្ទាន់ ដោយសារតែរដ្ឋ Florida ត្រូវបានព្យាករថា នៅសប្តាហ៍ក្រោយ​ នឹងរងការបោកបក់ពីព្យុះហឺរីខិនឈ្មោះ Elsa។

គួរបញ្ជាក់ថា សម្រាប់ករណីរលំអគារខុនដូន Champlain Towers កម្ពស់១២ជាន់ ដែលស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មានឡើយនោះ គឺតួលេខអ្នកបាត់បង់ជីវិត បានកើនដល់២២នាក់ ក្រោយក្រុមអ្នករុករកទើបយកបានសាកសព៤នាក់ទៀត ខណៈចំនួនអ្នកបាត់ខ្លួនគឺ១២៦នាក់។ បន្ទាប់​ពី​​អគារខុនដូនោះបានរលំជាងមួយសប្តាហ៍មកហើយ​ រហូត​មកទល់ពេលនេះ ពុំទាន់រកឃើញមានជនរងគ្រោះណាម្នាក់ នៅមានជីវិតឡើយ៕ដោយ​៖ស​ តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print