ខេត្តព្រះវិហារ៖ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៦ នេះ គណៈប្រតិភូខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយកងទ័ពកងវរៈសេនាតូចលេខ៣៩២ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ភូមិអូរជុញ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានចុះសួរសុខទុក្ខ និងនាំយកសំភារៈ ថវិកា គ្រឿងឧបភោគ បរិភោគចែកជូនកងទ័ពដែលកំពុងឈរជើងការពារព្រំដែននៅទិសព្រះវិហារ ចំនួន ៤៥០នាក់ ។
ទោះបីស្ថានភាពនៅតាមបណ្តោយព្រំដែនមានស្ថានភាពស្ងប់ស្ងាត់យ៉ាងណាក្តី ប្រជាជននៅរាជធានីភ្នំពេញទាំងមូល ពិសេសប្រជាជន និងមន្រ្តីរាជការក្នុងទូទាំងខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន នៅតែបន្តយកចិត្តទុកដាក់អំពីជីវភាពកងទ័ពនៅឯសមរភូមិមុខមិនដែលភ្លេចឡើយ ដែលនេះសរបញ្ជាក់អោយឃើញថា ការចងសម្ព័ន្ធមេត្រីភាពរវាងសមរភូមិក្រោយជាមួយនឹងសមរភូមិមុខ គឺមានឆន្ទះតែមួយក្នុងបុព្វហេតុជាតិ និងមាតុភូមិ ក្នុងគោលបំណង គឺការពារបូរណភាពទឹកដីមិនអោយបាត់បង់សូម្បីតែមួយមីលីម៉ែត្រ ។
បញ្ហាព្រំដែនជាបញ្ហាសម្រាប់ជាតិ ដែលត្រូវយកចិត្តទុកដាក់បំផុត កន្លងមកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវនយោបាយ កសាងប្រែក្លាយតំបន់ព្រំដែនរបស់ប្រទេសកម្ពុជា ជាតំបន់សន្តិភាព មិត្តភាព និងសហប្រតិបត្តិការ ។ ជាមួយគ្នានេះដែរ សម្តេចតែងបាន
លើកទឹកចិត្តកងទ័ពគ្រប់កម្រិត គ្រប់ផ្នែក និងគ្រប់ជំនាញទាំងអស់ ទាំងកម្រិតជីវភាពរស់នៅរបស់កងទ័ព ក៏ដូចជាកម្រិត៍ជីវភាពស្នូលរបស់កងទ័ព ។
ប្រតិភូទាំងអស់គ្នា សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីលះបង់ ពុះពាររាល់ការលំបាកគ្រប់បែបយ៉ាងរបស់កម្លាំងវរឈរជើងនៅទិសប្រាសាទព្រះវិហារនេះ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីរក្សាបានសុខសន្តិភាពរហូតមក ដែលនេះគឺជាបុព្វហេតុដ៏ធំធេងសម្រាប់ជាតិ និងមាតុភូមិរបស់យើង ។
សំភារ ថវិកា និងគ្រឿងឧបភោគ បរិភោគដែលបានយកមកផ្តល់ជូនកងទ័ពកងវរសេនាតូចលេខ ៣៩២ រួមមាន ៖
អង្ករផ្កាខ្ញី៥០០គីឡូ, ប្រហុក ៨០គីឡូ, ផ្អក២០គីឡូ, ទឹកដោះគោឆៅផ្អែម ANGKOR MILK ៧០កេស, បារីសេក២៥០០កញ្ចប់, មីម៉ាម៉ា ៥៤០កញ្ចប់, សៀង០៣ពីដុង, ទឹកផ្លែឈើកំប៉ុង, ត្រីខកំប៉ុង, ទឹកត្រី, ទឹកស៊ីអ៊ីវ, ម៉ាស៊ីនបូមទឹក០១គ្រឿង, ម៉ាស៊ីនភ្លើង០១គ្រឿង, ត្រង់ទីន័រ០២គ្រឿង, ប្រេង១០០០លីត្រ ។ ចំពោះកងទ័ពទាំង ៤៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០,០០០រៀល និងផ្តល់ជូនកងវរសេនាតូចលេខ៣៩២ ចំនួន ២០,០០០,០០០រៀល ៕ សុខ ខេមរា