មន្ត្រីម៉ាឡេស៊ី បានអនុម័តវិធានការតឹងតែងបំផុតក្នុងតំបន់បិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ។ នៅតំបន់ Klang ដែលមានពលរដ្ឋជាង ៨លាននាក់រស់នៅ គឺស្ថិតនៅក្រោមការបិទខ្ទប់ខ្លាំងជាងគេ។
ខណ្ឌចំនួន៩នៅក្នុងរដ្ឋ Selangor និង ទីតាំង១៤កន្លែងផ្សេងទៀតនៅក្នុងរាជធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដាក់នៅក្នុងភាពអាសន្នដែលត្រូវបិទខ្ទប់ចាប់តាំងពីថ្ងៃទី ៣ខែកក្កដា ។
កម្លាំងប៉ូលិសទីក្រុងកូឡាឡាំពួរ បានឲ្យដឹងថា កម្លាំងទាហាននៅក្នុងក្រុង បានដាក់ពង្រាយ ការពារនឹងបង្កើតរបងលួសបន្លារ ទប់ស្កាត់ពលរដ្ឋចេញចូលក្នុងតំបន់បិទខ្ទប់។ ជាមួយគ្នានេះ កម្លាំង ប៉ូលិសក៏បានចូលរួមត្រួតពិនិត្យការធ្វើចរាចរណ៍របស់ពលរដ្ឋក្នុងតំបន់បិទខ្ទប់។
លោក Arjunaidi Mohamed ស្នងការប៉ូលិសរដ្ឋ Selangor បានប្រកាសឲ្យដឹងថា មានកម្លាំងប៉ូលិសដល់ទៅ៨០ភាគរយក្នុងចំណោម១៤០០០នាក់ បានដាក់ពង្រាយដើម្បីតាមដានការអនុវត្តច្បាប់របស់ពលរដ្ឋ។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ម៉ាឡេស៊ី លោក Hamzah Zainudin បានប្រកាសថា នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើក និងឧទ្ធម្ភាគច្រដើម្បីតាមដានការអនុវត្តបិទខ្ទប់ពលរដ្ឋ ។ សកម្មភាពខាងលើកើតឡើងក្រោយពេលប្រទេសនេះមានករណីឆ្លងកូវីដ១៩ កើនឡើងខ្ពស់គឺមានដល់ទៅ ៦៦៥៨នាក់ ក្នុងថ្ងៃទី ៣ខែកក្កដា អ្នកឆ្លងភាគច្រើនស្ថិតនៅក្នុងរដ្ឋ Selangor ៕ ដោយ៖ធីរីណា
ម៉ាឡេស៊ី ប្រើលួសបន្លាឡោមព័ទ្ធទីតាំងបិទខ្ទប់
...