ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ បានចេញដីកាលេខ ៤៦៦៨ ក.១.ដ.ឃ.ដ ចុះថ្ងៃទី០៣ កក្កដា ឆ្នាំ២០២១ បង្គាប់ឲ្យឃុំខ្លួនឈ្មោះ ជា សុក្រឆាត ភេទប្រុស អាយុ៣៣ឆ្នាំ ដាក់ពន្ធនាគារព្រៃស (ម១) បន្ទាប់ពីតំណាងអយ្យការសម្រេចចោទប្រកាន់ពីបទ “រំលោភលើទំនុកចិត្តពិសេស ដោយអភិបាល តាមបញ្ញត្តិមាត្រា៣៩១ និងមាត្រា៣៩៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា”។
បេីយោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ដោយតាមបណ្តឹងរបស់ក្រុមហ៊ុនទិញលក់រថយន្ត បានប្ដឹងចោទប្រកាន់ឈ្មោះ ជា សុក្រឆាត អតីតជាបុគ្គលិកជាន់ខ្ពស់ផ្នែកលក់ បានឃុបឃិតគ្នាជាមួយអតីតបុគ្គលិកផ្សេងទៀត ក្លែងបន្លំកិច្ចសន្យាទិញលក់រថយន្ត និងក្លែងបន្លំរៀបចំឯកសារទិញលក់រថយន្តរាប់រយគ្រឿងចូលក្នុងក្រុមហ៊ុន ដោយប្រើរូបភាពបំភាន់ដាក់តម្លៃ លក់ខ្ពស់ជាងទីផ្សារ និងរៀបចំឯកសារបន្លំលាក់បាំងពីស្ថានភាពរបស់រថយន្តចាស់ដែលប្រើប្រាស់រួច ដាក់ជារថយន្តថ្មី ក្រដាស់ពន្ឋ ក្នុងគោលបំណងដើម្បីកេងចំណេញផលប្រយោជន៍ពីក្រុមហ៊ុន យកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។
របាយការណ៍ដដែល បន្តថា បុគ្គលរូបនេះ បានយកប្រាក់ពីអតិថិជន ដែលបានបង់មកឲ្យក្រុមហ៊ុនរាប់ម៉ឺនដុល្លារទុកជាប្រាក់របស់ខ្លួន មិនព្រមប្រគល់ឲ្យក្រុមហ៊ុន ហើយឃុបឃិតគ្នាជាមួយបក្ខពួកបន្លំអត្តសញ្ញាណធ្វើជាអតិថិជនមកទិញរថ យន្តរាប់រយគ្រឿងពីក្រុមហ៊ុន យករថយន្តទៅជួលបន្តឲ្យតតិយជនរកប្រាក់ចំណេញ។ ហើយក្រុមរបស់ខ្លួន (ជា សុក្រឆាត) បង់ប្រាក់ទិញរំលស់ចូលមកក្រុមហ៊ុនវិញ នូវចំនួនទឹកប្រាក់តិចតួច ថែមទាំងលួចកាត់ឈ្មោះរថយន្តរបស់ក្រុមហ៊ុន ចុះបញ្ជីជាកម្មសិទ្ធិផ្ទាល់ខ្លួន យកប្រាក់កឹបកេងពីក្រុមហ៊ុននេះ ទៅទិញផ្ទះ ទិញដី បើកក្រុមហ៊ុនថ្មី រកស៊ីដោយខ្លួនឯង។
ប្រភពដដែល បានបន្ថែមទៀតថា ជនជាប់ចោទបានធ្វើឲ្យបាត់ឯកសារច្បាប់ដើមរថយន្ត និងមិនបានដាក់ឯកសារច្បាប់ដើមចូលមកក្រុមហ៊ុនជាច្រើនគ្រឿង ដោយយកលេសថា កំពុងដំណើការចុះបញ្ជីកាត់ឈ្មោះផ្ទេរសិទ្ធិ ធ្វើឲ្យក្រុមហ៊ុនបាត់បង់សាច់ប្រាក់អស់ជិត ២,០០ ០, ០០០$ (ពីរលានដុល្លាអាមេរិក)។
ដោយឡែកបើតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន បានឱ្យដឹងថា កន្លងមកមានអតិថិជនមួយចំនួន បានមករាយការណ៍ផ្ទាល់ដល់ក្រុមហ៊ុន និងបានធ្វើជាការសហការណ៍បំភ្លឺ ពីការសកម្មភាពប្រព្រឹត្តអំពើលួចបន្លំ របស់ឈ្មោះ ជា សុក្រឆាត ក៏ដូច ជាការកឹបកេងប្រាក់របស់ក្រុមហ៊ុន ដែលអតិថិជនបានបង់ប្រាក់គ្រប់ចំនួន ជូនក្រុមហ៊ុនរួចហើយ តាមរយៈបុគ្គលឈ្មោះ ជា សុក្រ ឆាត ប៉ុន្តែ បុគ្គលម្នាក់នេះមិនបានបង់ចូលមកក្រុមហ៊ុននោះ ។
បន្ទាប់មកក្រុមហ៊ុន ក៏សូមអំពាវនាវដល់អតិថិជនទាំងអស់ ដែលធ្លាប់បានចុះកិច្ចសន្យាទិញរថយន្តបង់រំលស់ជាមួយបុគ្គលឈ្មោះ ជា សុក្រ ឆាត ដោយប្រើប្រាស់នាមករណ៍ និង ត្រាក្រុមហ៊ុន ឬ បានកំពុងបង់ប្រាក់ទិញរំលស់រថយន្តប្រចាំខែ តាមរយៈបុគ្គលនេះ សូមចូលមកដោះស្រាយជាមួយក្រុមហ៊ុនផ្ទាល់ឲ្យបានឆាប់បំផុត ដើម្បីជៀសវាងការខាតបង់ប្រាក់ និង ផលប្រយោជន៍ ស្របច្បាប់របស់អតិថិជន ។
បន្ថែមពីនេះ តំណាងក្រុមហ៊ុនរូបនេះ សូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះចំណាត់ការផ្លូវច្បាប់របស់តុលាការ ដែលបានសម្រេចចោទប្រកាន់ និងឃុំខ្លួនបុគ្គលនេះ ដោយតម្លាភាព និងត្រឹមត្រូវមិនលំអៀង ដើម្បីឲ្យក្រុមហ៊ុនវិនិយោគមួយនេះ ក៏ដូចក្រុនហ៊ុនដទៃផ្សេងទៀត ទទួលបានយុត្តិធម៌តាមផ្លូវច្បាប់យ៉ាងពិតប្រាកដមែន៕ដោយ៖សហការី
រូបភាព៖ជនជាប់ចោទ