ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាលភិបាលខណ្ឌកំបូល បានស្នើឲ្យចៅសង្កាត់ និងមេភូមិ ដែលស្ថិនៅក្រោមឱវាទ រដ្ឋបាលខណ្ឌកំបូលទាំងអស់ ត្រូវបន្ដចុះ ផ្សព្វផ្សាយ អប់រំ ណែនាំ ដល់ប្រជាលរដ្ឋរបស់ខ្លួន ឲ្យចូលរួម អនុវត្ដ ភូមិ ឃុំ សង្កាត់មានសុវត្ដិភាព និងចូលរួម វិធាន ៣កុំ ៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ លោក បានស្នើបែបនេះ ខណៈលោក ចុះផ្សព្វផ្សាយដល់ ចៅសង្កាត់ មេភូមិ នៅថ្ងៃអាទិត្យ ១០រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ នៅ សង្កាត់ភ្លេីងឆេះរទេះ សង្កាត់ ប្រទះឡាង និងសង្កាត់បឹងធំ។
លោកឃឹម ស៊ុនសូដា បានបញ្ជាក់ថា៖ ការរៀបចំពិធីសំណេះសំណាលនេះដើម្បីពង្រឹងប្រសិទ្ធិភាពការងាររបស់មូលដ្ឋានសង្កាត់ ដោយផ្អែកលេីផែនការចាត់តាំងស្តីពី ការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព “របស់រាជរដ្ឋាភិបាល ដែលមានរបៀបវារៈដូចខាងក្រោម៖ ១-ការងារពង្រឹងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌកំបូល ។ ២-ការងារពង្រឹងប្រសិទ្ធិភាពការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិ បាល និងការងារអភិវឌ្ឍមូលដ្ឋាន ។ ៣-ការងារពង្រឹងការផ្តល់សេវារដ្ឋបាល ទាំងសេវាសំណូម ពរ និងសេវាតម្រូវការជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធិភាព និងប្រសិទ្ធិផល។ ៤-ពង្រឹងការងារអនាម័យ បរិស្ថាន ក្នុងដ្ឋានសង្កាត់ និងកិច្ចគាំទ្រ សហការជាមួយក្រុមហ៊ុនMIZU DA ក្នុងការផ្តល់សេវាសម្អាត និងប្រមូលសំរាម តាមលំនៅដ្ឋាន និងអាជីវកម្មដ្ឋាន ក្នុងភមិសាស្ត្រសង្កាត់ ។
លើសណីនេះក៏ត្រូវពង្រឹងការផ្តល់សេវារដ្ឋ បាល ទាំងសេវាសំណូមពរ និងសេវាតម្រូវការជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធិភាព និងប្រសិទ្ធិផល ។ ពង្រឹងការងារអនាម័យ បរិស្ថាន ក្នុងដ្ឋានសង្កាត់ និងកិច្ចគាំទ្រ សហការជាមួយក្រុមហ៊ុនក្នុងការផ្តល់សេវាសម្អាត និងប្រមូលសំរាម តាមលំនៅដ្ឋាន និងអាជីវកម្មដ្ឋាន ក្នុងភមិសាស្ត្រសង្កាត់ នីមួយៗអោយបានល្អ។
សូមអនុញ្ញាតជម្រាបជូនផងដែរថា ពិធីសំណេះសំណាលនេះ ប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការ៣ការពារ ៣កុំ ដោយប្រើឧបករណ៍វាស់កំដៅការអង្គុយរក្សាគម្លាតពាក់ម៉ាស និងប្រេីប្រាស់អាល់កុលលាងសម្អាតដៃ៕
ដោយ៖ សំរិត