មន្ត្រីយោធាហ្វីុលីពីននៅយប់ថ្ងៃទី ៤ខែកក្កដា បានប្រកាសឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ធ្លាក់យន្តហោះយោធាកើនឡើងដល់ទៅ២៩នាក់ របួសប្រមាណ៥០នាក់និងបាត់ខ្លួន១៧នាក់ ។
លោក William Gonzales មន្ត្រីយោធាបានឱ្យដឹងថា នេះជាថ្ងៃឈឺចាប់បំផុតរបស់យោធាហ្វីុលីពីន ប៉ុន្តែលោកសង្ឃឹមថានឹងរកឃើញអ្នកនៅរស់។ សកម្មភាពជួយសង្គ្រោះនៅតែបន្តធ្វើឡើង ចំណែកអ្នកស្លាប់អាចនឹងកើនឡើងដោយមានអ្នករងរបួសធ្ងន់ជាច្រើន នាក់។
យន្តហោះដឹកជញ្ជូនយោធា C-130 ដឹកមនុស្ស៩០នាក់ បានធ្លាក់នៅកោះ Jolo ខេត្តSulu ប្រទេសហ្វីុលីពីន ។ មនុស្សជាច្រើននៅលើយន្តហោះបានបញ្ចប់វគ្គបណ្តូះបណ្តាលមូលដ្ឋានផ្នែកយោធា ហើយកំពុងធ្វើដំណើរទៅកាន់តំបន់ភាគខាងត្បូងប្រទេសហ្វីុលីពីន ដើម្បីបំពេញភារកិច្ចប្រឆាំងក្រុមភេរវកម្ម។
អ្នកនាំពាក្យកម្លាំងទាហានហ្វីុលីពីន លោក Edgard Arevalo បានឱ្យដឹងថា តាមលទ្ធផលស្រាវជ្រាវជាបឋម គ្រោះថ្នាក់ខាងលើមិនមែនជាការវាយប្រហារភេរវកម្មនោះឡើយ ។ គោលដៅនៅពេលនេះគឺសង្គ្រោះអ្នកនៅរស់ មិនមែនមកស្រាវជ្រាវរកមូលហេតុអ្វីឡើយ។ ទីតាំងធ្លាក់យន្តហោះគឺជាតំបន់ដែលមានវិវាទជាយូរណាស់មកហើយជាមួយក្រុមប្រដាប់អាវុធអ៊ិស្លាមនៅហ្វីុលីពីន៕ដោយ៖ធីរីណា
បុគ្គលិកយោធានៅកន្លែងកើតហេតុនៃការធ្លាក់យន្តហោះនៅទីប្រជុំជន Patikul ខេត្ត Sulu ។ (រូបថត៖ Reuters)