ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្តLEXUS LX-470 ឆ្លងផ្លូវទៅបុកជាមួយរថយន្តសាំយ៉ុងបើកបរដោយបុរសជនជាតិចិនម្នាក់បណ្ដាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១០យប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភ្លើងស្តុបព្រលានយន្តហោះអន្តរជាតិភ្នំពេញតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត LEXUS LX-470 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2L-7566តាមបណ្ដោយផ្លូវបេតុង អមនឹងផ្លូវរថភ្លើង វត្តតាំងកសាំង ក្នុងទិសដៅពីជើងទៅត្បូង។ លុះបើកមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកជាមួយរថយន្តសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ កណ្តាល 2A-9330 បើកបរដោយបុរសជនជាតិចិនម្នាក់តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅពីលិចទៅកើតចំពីចំហៀងផ្នែកខាងក្រោយខាងឆ្វេងបណ្តាលឲ្យរថយន្តសាំយ៉ុងរងការខូចខាតនិងធ្លាក់កាងខាងក្រោយ ។ ចំណែករថយន្ត LEXUS LX-470 រងការខូចខាតនិងធ្លាក់កាងខាងមុខ។ បន្ទាប់មករថយន្តទាំងពីរគ្រឿងបានបើកប្រដេញគ្នារហូតទៅដល់ខាងកេីតព្រលានយន្តហោះប្រហែល៣០ម៉ែត្រ ទេីបភាគីទាំងពីរបានឈប់រថយន្តហើយចុះមកជជែកតឹងសរសៃកដាក់គ្នាមួយប្រាវ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការសួរនាំ និងបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ហើយចុងក្រោយភាគីទាំងពីរបានព្រមព្រៀងគ្នាដោយយករថយន្តទៅជួសជុលរៀងៗខ្លួន ៕
ដោយ ៖ ភារ៉ា ដង្កោ