អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥,៤២០ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈដែលអ្នកជំងឺកូវីដ ៥៧នាក់បានស្លាប់។
ជាក់ស្ដែងតាមការបញ្ជាក់ពីមជ្ឈមណ្ឌល CCSA បានបន្ថែមទៀតថា ចំពោះករណីឆ្លងថ្មីៗខាងលើនេះ ក្នុងចំណោម ៥,៣៨៣ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ៣៧ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោស នៅតាមពន្ធនាគា ក្នុងប្រទេសថៃ។
បន្ថែមពីនេះ មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៥៧នាក់បន្ថែមទៀត បានស្លាប់ផងដែរនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៣,៥៨៦នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យក្រោយព្យាបាលជាសះស្បើយ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៩៤,៦៥៣ករណី ក្នុងនោះមានអ្នកស្លាប់ ២,៣៣៣នាក់ និងអ្នកជាសះស្បើយ ២២៧,០២៣នាក់៕ដោយ៖ស តារា