អគ្គិភ័យឆាបឆេះរោងចក្រគីមីនៅប្រទេសថៃ៖ ធ្វើ​ឱ្យ​អ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តមា្នក់ស្លាប់ និងមនុស្ស ២០នាក់ផ្សេងទៀតរងបួស

ចែករំលែក៖

អន្តរជាតិ​៖ រោងចក្រគីមី មួយកន្លែងនៅក្នុងស្រុក បាង ភ្លី (Bang Phli) នៃខេត្ត សាមុត ប្រាកាណ (Samut Prakan)​ ប្រទេសថៃ​ ត្រូវ​បានអគ្គិភ័យឆាបឆេះយ៉ាង​សន្ធោសន្ធៅ​ បន្ទាប់​មក​ក្រុមអ្នកពន្លត់អគ្គិភ័យនៅក្នុងប្រទេសថៃ នៅថ្ងៃអង្គារទី០៦​ ខែកក្កដា​នេះបានគ្រប់គ្រង និងធ្វើការ​ពន្លត់អគ្គិភ័យដែលបង្កឡើងដោយការផ្ទុះដ៏សម្បើមមួយនេះ​ ក្រោយចំណាយពេលអស់ ២៦ម៉ោង។ ប៉ុន្តែប្រជាជនដែលត្រូវបានជម្លៀស ទៅរកទីទួលមានសុវត្ថិភាព នៅមិនទាន់ទទួលការអនុញ្ញាត ឱ្យត្រឡប់មកផ្ទះរបស់ពួកគេវិញនៅឡើយទេ។

បើតាមទីភ្នាក់ងារសារព័ត៌មាន The Nation នៅរសៀលថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១​នេះថា​ ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅម៉ោងប្រមាណជា ២៖៥០នាទីទាបភ្លឺកាលពីថ្ងៃចន្ទម្សិលមិញ នៅឯរោងចក្រគីមី មីង ឌីហ៍ (Ming Dih Chemical)។

បន្ទាប់​ពីមានហេតុការណ៍នេះ​ ក្រុមអ្នកពន្លត់អគ្គិភ័យ បានទទួលជោគជ័យក្នុងការគ្រប់គ្រងសារធាតុគីមី និងពន្លត់អាណ្តាតភ្លើង ហើយមកទល់នឹងបច្ចុប្បន្ន ពួកគេនៅតែបន្តបាញ់ទឹក នៅតាមទីតាំងមួយចំនួន ដើម្បីបញ្ចុះកម្ដៅ និងបង្ការកុំឱ្យមានការផ្ទុះសាជាថ្មី។ តែទោះបែបនេះក្ដី ប្រជាជនដែលរស់នៅក្បែរ ឬមានចម្ងាយ ៥គីឡូម៉ែត្រកន្លែងផ្ទុះ មិនទាន់ត្រូវបានអនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញនោះទេ រហូតទាល់តែអាជ្ញាធរអាចធានា សុវត្ថិភាពទាំងស្រុងជាមុនសិន។

ដោយ​ឡែក​បើតាមនាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយថៃ ក៏បានបញ្ជាក់ថា​ ករណី​ខាងលើ​នេះ​ បណ្ដាល​ឱ្យ​ផ្ទះយ៉ាងហោច ៧០ខ្នង និងយានយន្ត ១៥គ្រឿង ត្រូវការខូចខាតដោយសារហេតុការណ៍ផ្ទុះ នៅឯរោងចក្រ Ming Dih Chemical។ ក្នុង​ហេតុការណ៍​នោះ​ អ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តមា្នក់បានស្លាប់ និងមនុស្ស ២០នាក់ផ្សេងទៀតរងបួស៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print