ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀននៃកងរាជអាវុហត្ថខេត្តព្រះសីហនុចំនួន១០នាក់ដឹកនាំដោយលោកវរសេនីយ៍ត្រី ឆាយ វិន នាយការិយាល័យបទល្មើសគ្រឿងញៀនបានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ នៅម្តុំមុខស្រាបៀរអង្គរ។
ហេតុការណ៍ចុះបង្ក្រាបបទល្មើសគ្រឿងញៀននេះធ្វើឡើងនៅវេលាម៉ោង១៧ និង២០នាទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ នៅចំណុចម្តុំមុខស្រាបៀរអង្គរ ស្ថិតក្នុងក្រុម៨ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យចំនួន៣នាក់៖ ទី១ឈ្មោះ ចាន់ សារឿន ហៅទូច ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរជាងឡានមានទីលំនៅក្រុម៨ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ទី២ឈ្មោះចាន់ សារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅក្រុម១២ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ និងទី៣ឈ្មោះប៉ែន ហាវ ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរជាងឡាន មានទីលំនៅក្រុម៨ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
វត្ថុតាងចាប់យកបានរួមមាន៖ ១ម្សៅសថ្លាចំនួន៦កញ្ចប់ ទម្ងន់ស្មើនឹង៣,៧ក្រាម, ដបជក់ចំនួន០២, ដែកកេះចំនួន០១, ទូរស័ព្ទដៃចំនួន០៥គ្រឿង និងប្រាក់រៀលចំនួន១០០,០០០ រៀល។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាងត្រូវបាននាំមកការិយាល័យបទល្មើសគ្រឿងញៀននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរស្រាវជ្រាវបន្ត៕
ដោយ៖ សុវណ្ណារ៉ា