ពលរដ្ឋ​ខ្មែរជិត​ ១០០នាក់​ ​នាំ​គ្នា​សម្រុក​ចេញ​ពីប្រទេសថៃ​ ចូល​មកកម្ពុជាវិញ​ តាម​ច្រក​អូរ​បី​ជាន់​ ត្រូវ​បានរក​ឃើញមានវិជ្ជមានចំនួន​ ១៦​នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖​ បន្ទាប់ពី​អាជ្ញាធរ​ថៃ​ បានបិទ​កន្លែងធ្វើការ​ងារ​មួយចំនួន​ ដេីម្បីទប់ស្កាត់​ជំងឺ​កូ​វី​ដ-១៩​ នោះ​ ក្រុមពលករ​ខ្មែរ​គ្មាន​ការងារ ក៏​ធ្វើ​បាន​នាំ​គ្នា​ត្រឡប់​ពី​ប្រទេស​ថៃ​ ចូល​មក​កម្ពុជា​វិញ តាម​ច្រក​អូរ​បី​ជាន់ ដោយ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ មានប្រមាណជិត​១០០​នាក់ ហើយ​ត្រូវ​បាន​អាជ្ញាធរ​​រក​ឃើញ​មានអ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​១៦​នាក់ នៅ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២១។ នេះបើ​តាម​បញ្ជាក់ពី​លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលស្រុក​អូរ​ជ្រៅ។

អភិបាលស្រុក​អូរ​ជ្រៅ លោក លី សុ​វ​ណ្ណា​រិ​ទ្ធ បានថ្លែង​បញ្ជាក់បន្ថែមថា​៖ បច្ចុប្បន្ន​មណ្ឌល​សំចត​ច្រក​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ បាន​ទទួល​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ មាន​ចំនួន​៨៤​នាក់ ក្នុង​នោះ​មានស្រី​៣៤​នាក់ និង​ធ្វើការ​ពិនិត្យ​សុខភាព ដោយ​យក​សំណាក​ទៅ​ធ្វើតេស្ត Rapid test ជា​លទ្ធផល គឺ​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​១៦​នាក់ (ក្នុង​នោះ​ស្រី​៤​នាក់​)។

លោក​អភិបាលស្រុក​អូរ​ជ្រៅ បាន​ថ្លែង​បន្តទៀតថា​ នៅ​ពេល​ទទួល​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ ចូល​ម​កម្ពុជា​វិញ​នោះ អ្នក​អវិជ្ជមាន​កូ​វី​ដ​-១៩ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​វិទ្យាល័យ​សម្តេចឪ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​២១​ថ្ងៃ​សិន។ ចំណែក​អ្នករក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​ព្យាបាល​កង​វ៉ា ក្រុង​សិរី​សោភ័ណ ដើម្បី​សម្រាក​ព្យាបាល​​។

ដោយឡែក​ជុំវិញករណីនេះដែរ​ ក្រុម​​ពលករ​ខ្មែរ​ទាំងអស់​នេះ​ ក៏បានលើកឡើងថា​៖ មូលហេតុ​ដែល​ពួក​គាត់​ត្រឡប់​ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា​វិញ​ ព្រោះតែ​អាជ្ញាធរ​ថៃ បាន​បិទ​កន្លែងធ្វើការ​ងារមួយចំនួន​នៅ​ប្រទេស​ថៃ ដើម្បី​បង្ការ​ទប់ស្កាត់​កូ​វី​ដ​-១៩ ខណៈ​ប្រទេសមួយនេះកំពុង​តែ​ឆ្លង​រីក​រាលដាល​ខ្លាំង​ ដូច្នេះ​ទេីប​ធ្វើ​ឱ្យ​ពួកគាត់​គ្មាន​ការងារ​ធ្វើ ហើយ​ក៏សម្រេចចិត្ត​នាំ​គ្នា​វិល​ត្រឡប់​មក​មាតុភូមិ​របស់​ខ្លួន​វិញ​​តែ​ម្តង​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print