រដ្ឋបាលរាជធានីភ្នំពេញ៖ ការរុះរើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកនិងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ អាជ្ញាធរអនុវត្តបានជោគជ័យប្រមាណ៩៥ភាគរយហើយ

ចែករំលែក៖

ភ្នំពេញ៖ ពាក់ព័ន្ធនឹងការអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយទៅលើបែត្រី ផ្ទះទឹកនិងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេនៅរាជធានីភ្នំពេញគិតមកដល់ពេលនេះ អាជ្ញាធររាជធានីភ្នំពេញ អនុវត្តការងាររបស់ខ្លួនសម្រេចបានប្រមាណ៩៥ភាគរយហើយ ។
នេះចាត់ទុកថាជាការអនុវត្តវិធានការ រៀបចំសណ្ដាប់ធ្នាប់លើផ្ទៃទន្លេបានយ៉ាងរលូននិងទទួលបានជោគជ័យ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំ
សាមញ្ញលើកទី២៦របស់ក្រុមប្រឹក្សារាជធានីភ្នំពេញក្រោមវត្តមានលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញតំណាងឲ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកក្កដាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។
លោកមាន ចាន់យ៉ាដា បានមានប្រសាសន៍ឱ្យដឹងថា រាជធានីភ្នំពេញមានខណ្ឌចំនួន៦ដែលមានផ្ទះបណ្ដែតទឹក បែត្រីនិងសំណង់មិនរៀបរយនៅតាមដងទន្លេ ដែលមានចំនួនរហូតដល់ ១៤៧២ទីតាំង ចែកចេញជា៤ប្រភេទ ក្នុងនោះមានប្រភេទជា បែត្រី សំណង់មិនរៀបរយ ដៃត្រីនិងទូកនេសាទ ហើយក្នុងចំនួននេះមានបងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តរុះរើចេញមកលើគោកមានចំនួន១២៤២ទីតាំង។
ចំពោះទីតាំងចល័តយើងបានរៀបចំឲ្យពួកគាត់ចិញ្ចឹមត្រីជាបណ្តោះអាសន្នចំនួន២ទីតាំងផ្សេងគ្នា ក្នុងនោះទីតាំងទី១ នៅជាប់ព្រំប្រទល់រវាងស្រុកពញាឮនិឹងខណ្ឌព្រែកព្នៅមានចំនួន១៩៤ទីតាំង។ ទីតាំងទី២ នៅជាប់និឹងស្រុកលើកដែកចំនួន១៩ទីតាំង និងទីតាំង
ដែលបាននិងកំពុងរុះរើមានចំនួន១៧ទីតាំង ។ ការងារខាងលើនេះ អាជ្ញាធររាជធានីភ្នំពេញអនុវត្តបានជោគជ័យចំនួន៩៥ភាគរយ គិតមកដល់ពេលនេះ ។
លោកមាន ចាន់យ៉ាដា ក៏បានបញ្ជាក់ផងដែរថា៖ ការអនុវត្តនូវវិធានការជុំវិញការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ទៅលើបែត្រី ផ្ទះទឹកនិងសំណង់មិនរៀបរយនៅលើផ្ទៃទឹកតាមដងទន្លេនៅរាជធានីភ្នំពេញនេះទទួលបានជោគជ័យ គឺដោយសារយើងមានវិធានការចំពោះមុខល្អប្រសើរ សហការបានល្អជាមួយដៃគូពាក់ព័ន្ធនិងមានការគាំទ្រពីមហាជនយ៉ាងពេញទំហឹង។
លោកប៉ា សុជាតិវង្ស នៅក្នុងឱកាសនោះបានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះអាជ្ញាធររាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាល ដែលអនុវត្តការរៀបចំសណ្ដាប់ធ្នាប់លើផ្ទៃទឹកនេះបានយ៉ាងល្អប្រសើរនិងទទួលបានជោគជ័យ។
សូមបញ្ជាក់ថា៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កន្លងមកនេះជាថ្ងៃដែល អាជ្ញាធរប្រើវិធានការរដ្ឋបាលចុះទៅរុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ដើម្បីបើកផ្លូវនាវាចរ កុំអោយប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសកុំឱ្យបន្តការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ ហើយការងារនេះបើគិតមកដល់ពេលនេះអាជ្ញាធររាជធានីភ្នំពេញ អនុវត្តបានជោគជ័យនិងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print