អភិបាល​ខេត្តបន្ទាយមានជ័យ៖ ចុះត្រួតពិនិត្យ​ទីតាំងត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៨កន្លែងរួចហើយ សម្រាប់ចាក់ជូនពលរដ្ឋនៅសង្កាត់ចំនួន៤ ក្នុងក្រុងសិរីសោភ័ណ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្ត រួមនឹងលោក ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ នៃយោធាភូមិភាគទី៥ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរពាក់ព័ន្ធ មន្ត្រីសុខាភិបាលខេត្ត នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះបានចុះត្រួតពិនិត្យទីតាំងត្រៀមចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ ចំនួន៨កន្លែងផ្សេងៗគ្នា នៅសង្កាត់ចំនួន៤ នៃក្រុងសិរីសោភ័ណ​ ដោយផ្ទាល់។

ជាក់ស្តែងទីតាំងសម្រាប់ត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៨កន្លែងផ្សេងៗគ្នា នៅសង្កាត់ចំនួន៤ នៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំរួចរាល់ហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ។ ដោយ​សង្កាត់ទាំង៤នោះរួមមាន៖ សង្កាត់ទឹកថ្លា សង្កាត់អូរអំបិល សង្កាក់ព្រះពន្លា និងសង្កាត់កំពង់ស្វាយ នៅកណ្តាលក្រុងសិរីសោភ័ណ។

បើតាមលោក អ៊ុំ រាត្រី បានថ្លែង​ថា ការសម្រេចយកទីតាំងចំនួន៨កន្លែង សម្រាប់ត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ទាំង៤ នៃក្រុងសិរីសោភ័ណនេះ នឹងចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ស្អែកនេះតទៅ។

លោកអភិបាល​ខេត្ត​ ថ្លែង​បន្តទៀតថា វ៉ាក់សាំងដែលត្រូវចាក់ជូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ មានចំនួនជាង ៥០,០០០នាក់ ដែលនឹងចាក់ជូនតាមគោលដៅនីមួយៗ តាមសង្កាត់ទាំងអស់ ហើយចាក់ដោយក្រុមគ្រូពេទ្យយោធា នៃយោធភូមិភាគទី៥ សហការជាមួយអាជ្ញាធរខេត្ត ក្រុង/សង្កាត់ ផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមគោរពថ្លែងអំណរគុណជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ ក្នុងដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print