ខេត្តព្រះសីហនុ, បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋ នៅសាលាបឋមសិក្សា អនុវិទ្យាល័យសាគូរ៉ា ស្ថិនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងដូសទី២ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងមកខេត្តព្រះសីហនុ ដើម្បីធ្វើការចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងបង្កើនភាពស៊ាំទប់ទល់នឹងជំងឺកូវីដ-១៩។ ទោះបីយើងមានវ៉ាក់សាំងចាក់ការពារជំងឺកូវីដ-១៩ក៏ដោយ តែត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងតាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣.ការពារ ៣.កុំ ឱ្យបានជាប់ជាប្រចាំទាំងអស់គ្នា ដើម្បីជៀសផុតពីការឆ្លងនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អ និងសុវត្ថិភាពទាំងអស់គ្នា។
បន្ទាប់មកលោកអភិបាលខេត្ត និងក្រុមការងារក៏បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព ដែលកំពុងសម្រាកនៅអគារស្នាក់នៅកងពលតូចលេខ៧០ មានទីតាំងនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ និងបានផ្ដាំផ្ញើឱ្យបងប្អូនទាំងអស់ត្រូវខំថែរក្សាខ្លួន ប្រកាន់ភ្ជាប់នូវវិធានការណ៍របស់ក្រសួងសុខាភិបាល និងការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣.ការពារ ៣.កុំ ឱ្យបានជាប់ជាប្រចាំ។
លោក គួច ចំរើន ក៏បានឧបត្ថម្ភ ថ្នាំចិន ១០០ប្រអប់ ថ្នាំឈឺបំពងក ២០ប្រអប់ Vitamin C គ្រាប់ ១៦ដប Vitamin C ដាក់ទឹកពុះ ១៦ប្រអប់ មីកំប៉ុង ៦កេសធំ ទឹកសុទ្ធ ១០កេស ម៉ាស ១៦ប្រអប់ អាល់កុល ២កាន អាល់អុលបាញ់ដៃ ១៦ដប និងថវិកាមួយចំនួនទៀត៕
ដោយ, សិលា