ខេត្តព្រៃវែង៖ បេីតាមការបញ្ជាក់ពីនាយខណ្ឌរដ្ឋបាលជលផល ខេត្តព្រៃវែង លោក អូន ស៊ីណាត បានថ្លែងឱ្យដឹងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះថា៖ ត្រីចញ្ចឹមច្រើនចម្រុះនៅក្នុងខេត្តព្រៃវែង ចំនួនប្រមាណ ១.២០០ អាចផ្គត់ផ្គង់ដល់ទីផ្សារ ចាប់លក់បានជាបន្តបន្ទាប់ចាប់ពីខែនេះ រហូតដល់ខែសីហា ភាគច្រើនជាត្រីប្រា ដែលកន្លងទៅផ្គត់ផ្គង់ ដល់ទីផ្សារ ក្នុងខេត្តព្រៃវែង និងបណ្តាខេត្ត នៅភាគឦសាន ហើយនឹងមួយចំនួន ទីផ្សារ ក្នុងរាជធានីភ្នំពេញដែរ។
នាយខណ្ឌរដ្ឋបាលរូបនេះ បានថ្លែងបន្តថា នៅក្នុងចំនួន ត្រី ១.២០០ តោននេះ មានត្រីប្រា អណ្តែង ឆ្ពិន និង ត្រីឆ្តោ ប្រហែល ២០០ តោន។ ត្រីចិញ្ចឹមបាន នៅក្នុងខេត្តនេះ មិនពិបាករកទីផ្សារទេ មួយចំនួន ផ្គត់ផ្គង់ទីផ្សារ ក្នុងខេត្ត ជាពិសេស ទីផ្សារ របស់បណ្តាខេត្ត នៅភាគឦសាន ដូចជាមណ្ឌលគិរី រតនគិរី មានតែត្រីឆ្តោទេ ដែលពេលខ្លះ ត្រូវបានគេទិញយកទៅភ្នំពេញនោះ តែពេលខ្លះ ក៏មាននាំត្រីឆ្តោ ត្រីរ៉ស់ ពីភ្នំពេញ មកកាន់ទីផ្សារ ខេត្តព្រៃវែងវិញដែរ ។ ត្រីនាំពីខេត្តព្រៃវែង ចូលទីផ្សារ នៅរាជធានី កន្លងទៅ ភាគច្រើន ជាត្រីធម្មជាតិ ដែលមានតែនៅក្នុងរដូវបើកនេសាទ។
បន្ថែមពីនេះ លោក អូន ស៊ីណាត បានសង្កត់ធ្ងន់ថា ការចិញ្ចឹមត្រី នៅក្នុងខេត្តព្រៃវែង មានការរីកចម្រើន ច្រើន ដែលមកដល់ពេលនេះ មានស្រះចិញ្ចឹមត្រីចម្រុះ ទាំងតូចធំ រហូតដល់ ៩.០០០ ស្រះ ខ្លះជាលក្ខណៈអាជីវកម្ម តែភាគច្រើន ជាលក្ខណៈគ្រួសារ។ ត្រីដែលប្រជាពលរដ្ឋ ចិញ្ចឹមបាន និងដល់ពេលត្រូវចាប់ ដែលយើងតែងតែជួយធ្វើការ ទំនាក់ទំនងទៅឈ្មួញ ឱ្យមកធ្វើការទំនាក់ទំនង ផ្ទាល់ជាមួយនឹងអ្នកចិញ្ចឹមត្រី និងបានបង្កលក្ខណៈច្បាប់ងាយស្រួល ក្នុងការដឹកជញ្ជូន ពីកន្លែងចិញ្ចឹម ទៅកាន់ទីផ្សារ នៅខេត្តផ្សេងៗ និងរាជធានីភ្នំពេញ។
គួរជម្រាបថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ថ្មីៗនេះ រដ្ឋបាលជលផល នៃក្រសួកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំដល់ គ្រប់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត ឱ្យជម្រុញរកទីផ្សារ វារីវប្បកម្ម ជូនវារីវប្បករ តាមរាជធានី ខេត្ត ។
ជាក់ស្ដែងនៅក្នុងលិខិតដែលចុះហត្ថលេខាដោយលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាប្រធានរដ្ឋបាលជលផលនេះ បានសរសេរយោងតាមការណែនាំ របស់លោករដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសជួបសំណេះ សំណាល ជាមួយវារីវប្បករ នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។
លោកប្រធានរដ្ឋបាលជលផលរូបនេះ បានគូសបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួនថា៖” ខ្ញុំសូមជម្រាបលោក ប្រធានមន្ទីរថា បច្ចុប្បន្ន ការអភិវឌ្ឍវារីវប្បកម្ម នៅទូទាំងប្រទេស បាននិងកំពុងរីក ចម្រើន គួរកត់សម្គាល់ ដោយមានការយកចិត្ត ទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាល ក្រសួ ងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងដៃគូអភិវឌ្ឍន៍នានា ឃើញថា រយៈពេល ១០ ឆ្នាំមកនេះ ការងារវារីវប្បកម្ម មានការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីសំណាក់វារីវប្បករ ក្នុងការធ្វើវារីវប្បកម្ម ខ្នាតតូច មធ្យម និងខ្នាតធំ រួមមានការ ចិញ្ចឹមត្រី ក្នុងស្រះ, បែ, ស៊ង, ស្រែ និងថង់ប្លាស្ទីកជាដើម ដែលនាំឱ្យបរិមាណផលវារីវប្បកម្ម មានសន្ទុះកើនឡើងជាលំដាប់។
ទន្ទឹមនឹងនេះ នៅក្នុងលិខិតដដែល បានគូសបញ្ជាក់ទៀតថា ជាក់ស្តែង ផលវារីវប្បកម្ម បានកើនពី ៦០ ទៅ ៣០៧ ពាន់តោន ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩ (កើនជាមធ្យម ២០ ភាគរយ ក្នុងមួយឆ្នាំ) ។ ដោយឡែក នៅអំឡុងពេល នៃការរីករាលដាលជម្ងឺកូវីដ- ១៩ កម្មវិធីជួបជុំ ដូចជា ការៀបអាពាហ៍ពិពាហ៍ បុណ្យទានផ្សេងៗ កន្លែងទេសចរណ៍ និងភោជនីយដ្ឋាន មួយចំនួន ត្រូវបានបិទ ដែលនាំឱ្យតម្រូវការត្រីសាច់ មានការថយចុះ បណ្តាលឱ្យ វារីវប្បករ ជួបការលំបាកក្នុងការរកទីផ្សារ។ ដូចនេះ សូមលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត ជួយជម្រុញខណ្ឌរដ្ឋបាលជលផល ឱ្យខិតខំរកទីផ្សារ ជូនវារីវប្បករ ស្របតាមការណែនាំ របស់លោក រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ដោយ៖សហការី