ភ្នំពេញ, ក្នុងស្ថានភាពដ៏លំបាកដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី ១០ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាលេីកទី ៩ (គិតចាប់តាំងពីឆ្នាំ២០១៤) ជូនអង្គការលេីកស្ទួយប្រជាពលដ្ឋ សម្រាប់ជួយសម្រាលដល់ការលំបាកក្នុងការរស់នៅប្រចាំថ្ងៃរបស់បុគ្គលិក និងសិស្សចំនួន ៩៥នាក់ ដែលរស់នៅក្នុងអង្គការ ហេីយដែលកំពុងបន្តបង្ហាត់បង្រៀនតាមរយៈប្រព័ន្ធអនឡាញដល់កុមារ និងសិស្សានុសិស្សចំនួន ១,០១០នាក់ ដែលជាបន្ទុករបស់អង្គការ ក្នុងឆ្នាំ២០២១នេះ។
ក្នុងឱកាសជួបសំណេះសំណាលនោះ លលោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ ចំពោះ ក្មួយៗ និងចៅៗកុមារទាំងអស់ ពិសេស ថ្លែងនូវការកោតសរសើរចំពោះ ស្ថាបនិក គ្រូ-បុគ្គលិក និងអ្នកស្ម័គ្រចិត្តបរទេសរបស់អង្គការ ដែលបាននិងកំពុងយកចិត្តទុកដាក់ ខិតខំអស់កម្លាំងកាយ-ចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់កុមារកំព្រា កុមាររស់នៅក្នុងគ្រួសារក្រីក្រ និងរស់នៅក្នុងគ្រួសាររើសសំរាម ឱ្យមានឱកាសទទួលបានសិទ្ធិពេញលេញក្នុងការរស់រានមានជីវិត សិទ្ធិទទួលបានការសិក្សាអប់រំ សិទ្ធិការពារ និងសិទ្ធិក្នុងការចូលរួមក្នុងការងារសង្គម ហេីយជាពិសេស ទទួលបានជោគជ័យក្នុងជីវិត និងមានការងារធ្វេីសមរម្យ។
ជាមួយគ្នានេះ ក្មួយៗចៅៗ និងបុគ្គលិកនៃអង្គការ មានក្តីរំភេីបយ៉ាងក្រៃលែង ដោយបានត្រងត្រាប់ស្តាប់សារសំឡេងផ្ទាល់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈទូរស័ព្ទ ដែលបានជូនពរដល់ក្មួយៗចៅៗទាំងអស់ឱ្យមានសុខភាពល្អ មានសិរីសួស្តី សុភមង្គល និងចៀសផុតពីជំងឺកូវីដ-១៩ និងការជូនពរចំពោះថ្នាក់ដឹកនាំ-លោកគ្រូអ្នកគ្រូ សូមមានសុខភាពល្អ ដេីម្បីបន្តដឹកនាំក្មួយៗចៅៗទាំងអស់ឆ្ពោះទៅរកអនាគតល្អរៀងៗខ្លួន។ ទន្ទឹមនឹងនេះ ក្មួយៗ ចៅៗទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ ទម្លាប់រស់នៅស្អាតមានអនាម័យ អនុវត្ត ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន និងត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រដេីម្បីអនាគតរុងរឿង ហេីយជៀសវាងអំពេីអសីលធម៌នានាដែលសង្គមស្អប់ខ្ពេីម ដោយធ្វេីខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងជាគំរូនៅក្នុងសង្គមជាតិ។
លោកស្រី នួន ភីមាន ស្ថាបនិកអង្គការ និងក្នុងនាមជាបុគ្គលិក គ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស នៃអង្គការលើកស្ទួយប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទឹកចិត្តមេត្តា ករុណា យកចិត្តទុកដាក់ គិតគូរ ជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសលើកទឹកចិត្ត ជំរុញក្មួយៗកុមារឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់របស់ប្រទេសជាតិនាពេលអនាគត។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនអង្គការលេីកស្ទួយប្រជាពលដ្ឋ រួមមាន ៖ អង្ករ ៥តោន, មី ៧០កេស, ត្រីខ ១០កេស, ទឹកត្រី ៦០ដប, ទឹកស៊ីអ៊ីវ ៦០ដប, ទឹកក្រូច ២០កេស, ទឹកសុទ្ធ ៣០កេស, ផ្លែទំពាំងបាយជូរ ៥កេស, ផ្លែប៉ោម ៥កេស, ផ្លែក្រូចឃ្វិច ៥កេស, នំបុ័ងដាក់សាច់ ៣០០ដេីម, ម៉ាស់ ៥ពាន់បន្ទះ, អាល់កុល ៦០លីត្រ និងថវិកា ១០,០០០,០០០រៀល (ដប់លានរៀល)។ អំណោយខាងលេីនេះ គឺជាព្រះរាជទានពី សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាការឧបត្ថម្ភពីសប្បុរសជននានាតាមរយៈកាកបាទក្រហមកម្ពុជា៕
ដោយ, សិលា