ចៅៗកុមារ​ និងសិស្សានុសិស្សនៃអង្គការលើកស្ទួយប្រជាពលរដ្ឋ​ សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលតែងតែគិតគូរជួយសម្រាលការលំបាកជាបន្តបន្ទាប់​

ចែករំលែក៖

ភ្នំពេញ, ក្នុងស្ថានភាពដ៏លំបាកដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩​ នៅថ្ងៃសៅរ៍ ទី​ ១០​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លលោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌​ជាលេីកទី​ ៩ (គិតចាប់តាំងពីឆ្នាំ២០១៤)​ ជូន​អង្គការលេីកស្ទួយប្រជាពលដ្ឋ​ សម្រាប់ជួយសម្រាលដល់ការលំបាកក្នុងការរស់នៅប្រចាំថ្ងៃរបស់បុគ្គលិក​ និងសិស្សចំនួន​ ៩៥នាក់​ ដែលរស់នៅក្នុងអង្គការ​ ហេីយដែលកំពុងបន្តបង្ហាត់បង្រៀន​តាមរយៈប្រព័ន្ធអនឡាញដល់កុមារ​ និងសិស្សានុសិស្សចំនួន​ ១,០១០នាក់​ ដែលជាបន្ទុករបស់អង្គការ​ ក្នុងឆ្នាំ២០២១នេះ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លលោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ ចំពោះ ក្មួយៗ និងចៅៗកុមារទាំងអស់ ពិសេស ថ្លែងនូវការកោតសរសើរចំពោះ ស្ថាបនិក គ្រូ-បុគ្គលិក​ និងអ្នកស្ម័គ្រចិត្តបរទេសរបស់អង្គការ ដែលបាននិងកំពុងយកចិត្តទុកដាក់ ខិតខំអស់កម្លាំងកាយ-ចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់កុមារកំព្រា កុមាររស់នៅក្នុងគ្រួសារក្រីក្រ និងរស់នៅក្នុងគ្រួសាររើសសំរាម ឱ្យមានឱកាសទទួលបានសិទ្ធិពេញលេញក្នុងការរស់រានមានជីវិត សិទ្ធិទទួលបានការសិក្សាអប់រំ សិទ្ធិការពារ និងសិទ្ធិក្នុងការចូលរួមក្នុងការងារសង្គម​ ហេីយជាពិសេស​​ ទទួលបានជោគជ័យក្នុងជីវិត​ និងមានការ​ងារ​ធ្វេីសមរម្យ។

ជាមួយគ្នានេះ ក្មួយៗចៅៗ​ និងបុគ្គលិក​នៃអង្គការ​ មានក្តីរំភេីបយ៉ាងក្រៃលែង​ ដោយបានត្រងត្រាប់ស្តាប់សារសំឡេងផ្ទាល់របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ តាមរយៈទូរស័ព្ទ​ ដែលបានជូនពរដល់ក្មួយៗចៅៗទាំងអស់ឱ្យមានសុខភាពល្អ​ មានសិរីសួស្តី​ សុភមង្គល​ និងចៀសផុតពីជំងឺកូវីដ-១៩​ និងការជូនពរចំពោះថ្នាក់ដឹកនាំ-លោកគ្រូអ្នកគ្រូ​ សូមមានសុខភាពល្អ​ ដេីម្បីបន្តដឹកនាំក្មួយៗចៅៗទាំងអស់ឆ្ពោះទៅរកអនាគតល្អរៀងៗខ្លួន។ ទន្ទឹមនឹងនេះ​ ក្មួយៗ​ ចៅៗទាំងអស់​ ត្រូវថែទាំសុខភាពឱ្យបានល្អ​ ទម្លាប់រស់នៅស្អាត​មានអនាម័យ​ អនុវត្ត​ ៣ការពារ​ និង៣កុំ​ ឱ្យបានខ្ជាប់ខ្ជួន និងត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រដេីម្បីអនាគតរុងរឿង​ ហេីយជៀសវាងអំពេីអសីលធម៌នានាដែលសង្គមស្អប់ខ្ពេីម ដោយធ្វេីខ្លួនជាកូនល្អ​ សិស្សល្អ​ ពលរដ្ឋល្អ​ និងជាគំរូនៅក្នុងសង្គមជាតិ។

លោកស្រី នួន ភីមាន ស្ថាបនិកអង្គការ និងក្នុងនាមជាបុគ្គលិក គ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស នៃអង្គការលើកស្ទួយប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលមានទឹកចិត្តមេត្តា​ ករុណា​ យកចិត្តទុកដាក់ គិតគូរ ជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសលើកទឹកចិត្ត​ ជំរុញក្មួយៗកុមារឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់របស់ប្រទេសជាតិនាពេលអនាគត។

សូមបញ្ជាក់ថា​ អំណោយដែលបានផ្តល់ជូន​អង្គការលេីកស្ទួយប្រជាពលដ្ឋ​ រួមមាន​ ៖​ អង្ករ​ ៥តោន,​ មី​ ៧០កេស,​ ត្រីខ​ ១០កេស,​ ទឹកត្រី​ ៦០ដប​,​ ទឹកស៊ីអ៊ីវ​ ៦០ដប,​ ទឹកក្រូច​ ២០កេស,​ ទឹកសុទ្ធ​ ៣០កេស,​ ផ្លែទំពាំងបាយជូរ​ ៥កេស,​ ផ្លែប៉ោម​ ៥កេស,​ ផ្លែក្រូចឃ្វិច​ ៥កេស​,​ នំបុ័ងដាក់សាច់​ ៣០០ដេីម,​ ម៉ាស់​ ៥ពាន់បន្ទះ,​ អាល់កុល​ ៦០លីត្រ​ និងថវិកា​ ១០,០០០,០០០រៀល​ (ដប់លានរៀល)។ អំណោយខាងលេីនេះ​ គឺជាព្រះរាជទានពី​ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា​ និងជាការឧបត្ថម្ភពីសប្បុរសជននានាតាមរយៈ​កាកបាទក្រហមកម្ពុជា​៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print