ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មានប្រារព្ធពិធីបិទសិក្ខាសាលាលើកទី១ស្ដីពី ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០១៧-២០១៩ ដល់អង្គភាពកណ្តាលក្រសួង ក្រោមអធិបតីភាពលោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានវត្តមានចូលរួមពីលោកតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអគ្គនាយក លោកអគ្គនាយករង លោក លោកស្រីប្រធានអង្គភាព និងបុគ្គលិកអប់រំថ្នាក់ជាតិ ជាច្រើនរូបទៀត។
សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល០២ ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០១៦ ដែលផ្តោតសំខាន់លើសារៈសំខាន់នៃផែនការយុទ្ធសាស្ត្រថវិកា ក្របខ័ណ្ឌការរៀបចំថវិកា និងលក្ខខ័ណ្ឌចាំបាច់នានាក្នុងការរៀបចំអនុវត្តផែនការយុទ្ធសាស្ត្រថវិកានៅតាមអង្គភាពនីមួយៗឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ លើសពីនេះ អង្គភាពជំនាញ នឹងបន្តកម្មវិធីសិក្ខាសាលានេះ ដល់អង្គភាពថ្នាក់ក្រោមជាតិទាំងអស់មកពីគ្រប់រាជធានី-ខេត្ត ជាបន្តទៀតរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០១៦៕ សុខ ខេមរា