ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅថ្ងៃចន្ទទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបញ្ជាក់ថា៖ វ៉ាក់សាំង គឺជាអាទិភាពមួយក្នុងបណ្តាយុទ្ធសាស្រ្តប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
នៅក្នុងសំណេរហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមថា មកទល់ពេលនេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជាង ៤០% នៃគោលដៅសរុប ដែលក្នុងនោះ យើងបានសម្រេចការចាក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងស្រុកមួយចំនួននៃខេត្តកណ្តាល និងបន្តចាក់តាមខេត្តជុំវិញជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្រ្ត «ផ្ការីក»។
ជាមួយគ្នានេះ សហភាពសហព័ន្ធយុវជនកម្ពុជា មានកិត្តិយសដោយទទួលបានឱកាសក្នុងការរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជាមួយរាជរដ្ឋាភិបាល ជាពិសេសដោយបានការចាត់តាំងជាបន្តបន្ទាប់ពីគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ ១៩ ចាប់តាំងពីផ្តើមយុទ្ធនាការដំបូង។ ពេលនេះ ក្រុមគ្រូពេទ្យរបស់យើងទាំង២អង្គភាព បាន និងកំពុងចេញដំណើរទៅកាន់ខេត្តគោលដៅមួយចំនួនថែមទៀតដើម្បីបន្តបេសកកម្មផ្តល់ខែលការពារជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ។
ឆ្លៀតក្នុងឱកាសនេះ លោក ហ៊ុន ម៉ានី ក៏សូមសម្តែងនូវសេចក្តីថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់របស់លោកគ្រូ អ្នកគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចំណាយពេលវេលា ចូលរួមជាកំលាំងកាយ ចិត្ត ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ។
#យើងនឹងឆ្លងផុតនៅគ្រាលំបាកជាមួយគ្នា៕ដោយ៖សហការី